Wednesday, October 16, 2013

« គេងថ្ងៃ » របប​បន្ថែម​សម្រាប់​​ប៉ូវ​ដំណេក

នាទីសុខភាពនិងអនាម័យ
 
ពុធ 09 តុលា 2013
« គេងថ្ងៃ » របប​បន្ថែម​សម្រាប់​​ប៉ូវ​ដំណេក
បើ​តាម​ការសិក្សា​របស់​ NASA, សម្រាក​ថ្ងៃ​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងសមត្ថភាព​ធ្វើការ​បាន២៥%.
បើ​តាម​ការសិក្សា​របស់​ NASA, សម្រាក​ថ្ងៃ​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងសមត្ថភាព​ធ្វើការ​បាន២៥%.
Getty Images/RunPhotos
ដោយ អៀង សុខម៉ិញ
គេង​ថ្ងៃ​ មិន​មែន​សម្រាប់​តែ​កុមារ​ ឬ មនុស្ស​ចាស់​ ឬ​ដើម្បី​គេច​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ពេល​ថ្ងៃ​ត្រង់​នោះ​ទេ។ មនុស្ស​ពេញ​វ័យ ពេញ​កម្លាំង​ធ្វើការ ជា​បុរស និង​ស្ត្រី​អ្នក​ជំនួញ​ តែង​​តែ​ឆ្លៀត​​សម្រាក​ថ្ងៃ​ត្រង់​បន្តិច​ ដើម្បី​ កាត់​បន្ថយ​ស្ត្រេស បង្កើន​ប្រសិទ្ធិភាព​ និង​លទ្ធផល​នៃ​សមត្ថភាព​ធ្វើ​ការងារ។ ព្រោះ​​បើ​តាម​ការសិក្សា​របស់​ NASA គេង​ថ្ងៃប្រមាណ​តែ​​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងបង្កើន​សមត្ថភាព​ធ្វើការ​បាន២៥%។ អៀង សុខម៉ិញ បាន​អាន​សៀវភៅ​មួយ មាន​ចំណង​ជើង l'Eloge de la sieste របស់​អ្នក​និពន្ធ​ Bruno Comby ដែល​និយាយ​អំពី​ផល​ប្រយោជន៍​នៃ​ការ​គេង​​ថ្ងៃនេះ។
បើ​តាម​ការ​សិក្សា​ថ្មី​បំផុត​មួយ​របស់​វិទ្យាស្ថាន​ជាតិ​ការពារ និង​អប់រំ​សុខភាព​របស់​បារាំង​ បាន​បង្ហាញ​ថា បណ្តា​ជន​បារាំង ៤៥% ដែល​បាន​ចោទ​សួរ ទទួល​ដំណេក​មិន​គ្រប់គ្រាន់​ទេ ហើយ​៦២%​ សារភាព​ថា​មាន​វិបត្តិ​ដំណេក ពិបាក​គេង គេង​មិន​លក់​ ។ល។ និង​។ល។ ដំណេក​មិន​បាន​ ជះ​ផល​ប៉ះពាល់ និង​ផ្តល់​ឥទ្ធិពល​មិន​ល្អ​ឡើយ​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ៖ ៤៨%​ បាន​អះអាង​ថា​ពេល​គេង​មិន​លក់​ គេង​មិន​ឆ្អែត ជា​កត្តា​អវិជ្ជមាន​ចំពោះ​​អាក្បកិរិយា​- ៤៥%​លើ​ជំនោរ​ចិត្ត ឬ សមត្ថភាព​ផ្ទង់​អារម្មណ៍​ធ្វើការ - ៣២​%​ រំខាន​ដល់​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ និង ៣០% យល់​ថា​មាន​ការ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។! ​ដើម្បី​ចូល​រួមចំណែក​លុប​បំបាត់​ឥទ្ធិពល​អាក្រក់​ទាំង​អម្បាលម៉ាន​នេះ ដំណោះ​ស្រាយ​មាន​តែ​មួយ​ គឺ​សម្រាក​​ថ្ងៃ។

ពាក្យ​ថា​ « ដេក​ថ្ងៃ » បើ​និយាយ​ជា​ភាសា​បារាំង គឺ « Sieste » ពាក្យ​ថា​Sieste នេះ មាន​ដើម​កំណើត​ពី​ភាសា​ឡាតាំង ថា Sixta ដែល​​មាន​ន័យថា ម៉ោង​ទី ៦ រាប់​ពី​ពេល​ព្រឹកមក ពោល​គឺ​ត្រូវ​នឹង​ម៉ោង​ ១២​ថ្ងៃ​ត្រង់ សម្រាប់​ពួក​រ៉ូម៉ាំង។ ដូច្នេះ ពាក្យ​ថា​ Sieste ​គឺ​សម្រាក ក្រោយ​ពេល​បរិភោគ​បាយ​ថ្ងៃ​ត្រង់​ហើយ (ទោះ​លក់ក្តី​ ឬ​មិន​លក់ក្តី)​។ នេះ​ជា​ការ​ពន្យល់​បញ្ជាក់​របស់​អ្នក​និពន្ធ​សៀវភៅ​និយាយ​អំពី ការ​គេង​ថ្ងៃ។ ​បើ​និយា​យ​ជា​ភាសា​ខ្មែរវិញ រិត​តែ​ស្រួល​យល់​ទៀត​។ ភាសា​ខ្មែរ​ប្រើ​ថា ដេក​ថ្ងៃ- គឺ​ពន្យល់​បញ្ជាក់​ដោយ​ត្រង់​ៗ ចំៗ អំពី សកម្មភាព​ សម្រាក -​ សម្រាន្ត​ពេល​ថ្ងៃ​ត្រង់ ក្រោយ​ពេលបាយ​រួច​។ ប៉ុន្តែ​ផ្ទុយ​ពី​គំនិត​ធ្លាប់​គិត​ និង​យល់​ពី​មុន​មក ទម្លាប់​ទម្រេត​ខ្លួន​ មួយ​ភ្លែត​ ដើម្បី​កាត់​ថ្ងៃ​ជា​ពីរ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​គេង​​ថ្ងៃ​ គឺ​ជា​កាយវិការ​ជួល​ជុល ឬ​បំពេញ​កង្វះ​ដំណេក កាលពី​ពេ​ល​យប់។​​

ដំណេក​គ្រប់គ្រាន់ និង​ត្រឹម​ត្រូវ​តាម​​ក្បួន​វេជ្ជសាស្ត្រ ពី​គេង​ពី​ ៧ ទៅ ៨​ ម៉ោង​ ជាមធ្យម ក្នុង​មួយ​ថ្ងៃ​។ គេង​​ក្រោម​៦​ម៉ោង ចាត់​ទុក​ថា​ “មិន​គ្រប់​គ្រាន់” ដូច្នេះ​ដើម្បី​អាច​បំពេញ​កង្វះ​ខាត​នេះ​បាន​ខ្លះ ដំណោះស្រាយ​តែ​មួយ​គឺ​ការ​ គេង​ថ្ងៃ។ ដូច​លោក​អ្នក​នាង​បាន​ជ្រាប​​ក្នុង​កម្មវិធី​សុខភាព​មុនៗ ដែល​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​​នៃការ​​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​ រួច​មក​ហើយ​ថា មាន​ការ​សិក្សា​ណាស់​ដែល​រក​​ឃើញ​ថា ការ​ទទួល​ទាន​ដំណេក​ខ្លី​ពេក ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​ដល់​សុខភាព ៖ បង្កើន​គ្រោះ​កើតជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ធាត់​ជ្រុល​ចុក​ខ្លាញ់ ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ ការ​ចងចាំ​ និង​ភាព​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ​ ​កើត​រោគ​ព្រួយ​ និង​​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ។ល។ និង​។ល។ ដោយ​មិន​​ភ្លេច​ឡើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ងាយ​កើត​ឡើង​បាន​ពេល​អ្នក​ បើកបរ​នឿយហត់​ គេង​មិន​ឆ្អែត អត់​ងងុយ ​ ឬ​ងងុយ​គេង។
ងងុយ​គេង​ក្រោយ​ពេល​បាយ ? មិន​មែន​ព្រោះ​តែ​ដោយ​សារ​​​ក្រពះ​ធ្វើ​ការ​​រំលាយ​អាហារ នាំ​ឱ្យ​យើងទន់​ភ្នែក​​ទេឬ ?! ប៉ុន្តែ​វា​ទំនង​ដូច​ជា​ចង្វាក់​ធម្មជាតិ​របស់​សរីរាង្គ​កាយ​មនុស្ស​ជាង​ ! សេចក្តី​សន្និដ្ឋាន​​បែបនេះ​អាច​ធ្វើ​ទៅ​កើត ​ដោយ​សំអាង​ថា ប្រសិន​បើ​​ការ​ងងុយ​គេង​ពេល​ថ្ងៃ ​មាន​ជាប់​ទាក់ទង​នឹង​ការ​រំលាយ​អាហារ​មែន នោះ​ប្រាកដ​ជា​គេ​ត្រូ​វ​សង្កេត​ឃើញ​មាន​ករណី​ងុយ​គេ​ង​ ក្រោយ​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក ឬ​ក្រោយ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ ហើយ​គេ​មិន​ត្រូវ​រក​ឃើញ​មាន​ករណី​អ្នកងុយ​ដេក​ថ្ងៃ​ឡើយ សម្រាប់​អ្នក​មិន​ បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់នោះ។ ប៉ុន្តែ​វា​មិន​ដូច្នេះ​សោះ អ្នក​មិន​​បាន​បាយ​ថ្ងៃ​ ក៏​ចេះ​ងុយ​គេង​​ពេល​ថ្ងៃ​ត្រង់ ត្រូវ​ការ​​សម្រាក​ពេល​ថ្ងៃ​ដូច​គ្នា​។ សរុប​មក​ ការ​គេង​ថ្ងៃ​ ទំនង​ជា​កម្មវិធី​ ដែល​ដាក់​ចេញ​មក​ពី​កំណើត ពី​ធម្មជាតិ​មនុស្ស។

ការ​សម្រាក​ថ្ងៃ មាន​ផល​ប្រយោជន៍​ច្រើន ៖ គេង​ថ្ងៃ​អាច​កាត់​បន្ថយ ​Stress អាច​ជួយ​ឱ្យ​មាន​និង​រក្សា​បាន​​​ការ​​ចងចាំ​​ល្អ និង​អាច​ផ្ទង់​អារម្មណ៍​បាន​នឹង​ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ការងារ​ ឬ​គំនិត​ផ្តួច​ផ្តើម​ល្អ​ និង​ធ្វើ​ឱ្យ​មុខ​ងារ​ប្រព័ន្ធ​ប្រសាទ​មាន​លំនឹង​ល្អ​ឡើង​វិញ។ ដូច​គ្នា​នេះ​ដែរ សម្រាក​តែ​​ពីរ​ឬ​បី​នាទី ​ប៉ុណ្ណោះ អាច​នឹង​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​ជា​មនុស្ស​មាន​​សភាព​រហ័ស​រហួន​ជានិច្ច​ ព្រោះ​តែ​បាន​សម្រាក​សូ្រប​យក​ថាមពល​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ សរីរាង្គកាយ​ឡើង​វិញ​បាន។ អ្នក​ដែល​មាន​កាលវិភាគ​ការ​ងារ​មមាញឹក ជាប់​រដឹក​​ដល់​យប់​ជ្រៅ ការ​សម្រាក​ពេល​ថ្ងៃ​បន្តិច​បន្តួច​សោះ​ អាច​នឹង​ជួយបំពេញ​​​ដំណេក​ពេល​យប់​បាន​ពី​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង ក្នុង​មួយ​ថ្ងៃ។

គ្មាន​ទេ​ក្បួន​ខ្នាត ឬ​វេជ្ជ​បញ្ជា​ពិសេស​ ប្រាប់​ពី​ រយៈ​ពេល​នៃ​ការ​គេង​ថ្ងៃ ! រយៈពេល​ដ៏​ប្រពៃ គឺ​អាស្រ័យទៅ​តាម​ពេល​វេលា​របស់​បុគ្គល​ម្នាក់ៗ។ ប៉ុន្តែ​ដើម្បី​ជា​​គោល​ សម្រាប់​ជួយ​លោក​អ្នក ការ​គេង​ថ្ងៃ​កំរិត​ស្តង់ដារ គឺ ២០​នាទី។ ប៉ុន្តែ​ជា​ថ្មី​ម្តង ចំនួន​ និង​រយៈ​ពេល​ ​គេង​​ថ្ងៃ​ អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​បុគ្គល​ម្នាក់ៗ ជួន​ទៅ​តាម​កាលវិភាគ​ការងារ ជួន​ទៅ​តាម​ការ​ចូល​ចិត្ត។

និយាយ​អំពី​​រៀប​គេង​ថ្ងៃ​វិញ ដំបូន្មាន​ដ៏​សំខាន់​បំផុត គឺ​ត្រូវ​ធ្វើ​ដោយ​សម្រួល​។ ប្រសិន​បើ​មិន​អាច​ទម្រេត​គេង​ ដោយ​ដាក់​ខ្នង​ផ្ទាល់​នឹង​កន្ទេល​ឬ​គ្រែ​បានទេ គេង​អង្គុយ​ក៏​បាន តែ​ខ្នង​ត្រូវ​ត្រង់​ បើ​អាច​ត្រូវ​យក​អ្វី​មក​ទល់​កល់​ខ្នង ដាក់​ក្បាល​សង្កត់​កើយ​ទៅ​ក្រោយក៏​បាន​ ផ្កាប់​មុខ​ក៏​បាន​។ ដៃ​និង​ជើង ត្រូវ​លា​ឱ្យ​ត្រង់​ កុំ​ក្រព័ទ្ធ​ ឬ​គង​ខ្វែង​គ្នា ហើយ​​ធ្មេចឬ​បិទ​ភ្នែក​សម្រាក​ចុះ។

អ្នក​និពន្ធ​សៀវភៅ​និយាយ​អំពី​ផល​ប្រយោជន៍​នៃ​ការ​គេង​ថ្ងៃ បាន​ថែម​ទាំង​ណែ​នាំ​ អំពី​របៀប​ដកដង្ហើម​ទៀត​ផង ៖ បន្ថយ​ល្បឿន​ស្រូប​និង​ដក​ដង្ហើម​បន្តិច​ម្តងៗ​ ទៅ​តាម​ល្បឿន​នៃ​ការ​​គិត​ និង​លា​សាច់​ដុំ​ ទាំង​អម្បាល​បាន​របស់​សរីរាង្គកាយ។

នៅក្នុង​យន្ត​ហោះ ក៏​ដូច​ជា​នៅ​ក្នុង​រថយន្ត​ ឬ​រថភ្លើង​ ឬ​នៅ​កន្លែង​ធ្វើ​ការ​ ការ​គេង​ថ្ងៃ​អាច​ធ្វើ​បាន​គ្រប់ពេល​ និង​គ្រប់​ទីកន្លែង​​ទាំង​អស់ សល់​តែ​មួយ​គឺ​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​ឱ្យ​ថៅកែ ឬ​ប្រធាន​​ទទួល​ស្គាល់​និង​យល់​ព្រម​ថា គេ​ង​ថ្ងៃច្រើន​ ធ្វើ​ការ​បាន​ច្រើន​ និង​មាន​ប្រសិទ្ធិភាព ជា​ការ​ស្រេច​ហើយ​ !
ពាក្យគន្លឹះ : កម្ពុជា - សុខភាព

គ្មាន​កូន ៖ តើ​បណ្តាល​មក​ពី​អ្នក​ណា ? ប្តី​ ឬ​ ប្រពន្ធ ?

នាទីសុខភាពនិងអនាម័យ
ពុធ 25 កញ្ញា 2013
គ្មាន​កូន ៖ តើ​បណ្តាល​មក​ពី​អ្នក​ណា ? ប្តី​ ឬ​ ប្រពន្ធ ?
វិធី​សាស្ត្រ​ ជួយ​បង្ក​កំណើត​កូន។​
វិធី​សាស្ត្រ​ ជួយ​បង្ក​កំណើត​កូន។​
(Source : Cité des sciences et de l'industrie)
ដោយ អៀង សុខម៉ិញ
ក្នុង​ពេល​ដែល ក្រសួង​សុខាភិបាល អប់​រំ​ និង​ណែ​នាំ​ស្ត្រី​ ឲ្យ​យល់​ពី​ភាព​ចាប់​បាច់ ក្នុង​ប្រសូត​បុត្រ​តាម​ប្រាថ្នា ដោយ​ចេះ​ប្រើ​មធ្យោបាយ​ទប់​ស្កាត់​កំណើត មាន​ស្ត្រី ឬ គូ​ស្វាមី ភរិយា​មួយ​ភាគ​ទៀត​ជួប​ការ​លំបាក និង​ពុំ​អាច​មាន​បុត្រ​ធីតា​បាន។ ហេតុ​អ្វី​បាន​ជា​ស្រ្តី​ខ្លះ​អាច​មាន​បុត្រ​ បាន ឯ​ស្ត្រី​ខ្លះ​ទៀត​ត្រូវ​ជួប​បញ្ហា​អត់​កូន​ទៅ​វិញ ? តើ​នេះ​ជា​ជំងឺ​ឬ ? បើ​ជា​ជំងឺ​តើ​គេ​អាច​ព្យាបាល​បាន​ទេ​? ដើម្បី​បាន​ជ្រាប់​កាន់​ច្បាស់​​ សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់ លោក​ វេជ្ជបណ្ឌិត ប៉ិច សុធី គ្រូពេទ្យ​ឯកទេស សម្ភព​និង​រោគ​ស្រ្តី នៅ​មជ្ឈមណ្ឌល​ជាតិគាំពារ​មាតា និង​ទារក និង​នៅមន្ទីរ​សម្ភព​សោភា ក្រុង​ភ្នំពេញ​ ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​ អៀង សុខម៉ិញ។
ពាក្យគន្លឹះ : សុខភាព

Monday, September 23, 2013

ដុំពោះ ៖ ត្រូវតាមដានដោយញយៗ

នាទីសុខភាពនិងអនាម័យ
 
ពុធ 18 កញ្ញា 2013
ដុំពោះ ៖ ត្រូវតាមដានដោយញយៗ
ដោយ អៀង សុខម៉ិញ
ដុំ​ពោះ​ ក្នុង​កន្យោម​ពង ដែល​មាន​ពាក្យ​បច្ចេកទេស ជាភាសា​បារាំង​ “Kyste de l’ovaire” ​ ជា​ដុំ​សាច់​ដែល​មាន​កើត​ជា​ញឹកញាប់ លើ​ស្ត្រី​គ្រប់​វ័យ និង​ដោយ​គ្មាន​មូលហេតុ​។ ជាទូទៅ​គ្មាន​រោគ​សញ្ញា​អ្វី​បង្ហាញ​ជា​មុនឡើយ​។ មាន​តែ​​ការតាម​ដាន​​ពិនិត្យ​មើល​តាម​ប្រព័ន្ធ​អេកូសាស្ត្រ​ទេ ទើប​អាច​​រក​ឃើញ​​ និង​ធានាបាន​​ថា​ ដុំ​ពោះ​នោះ​គ្មាន​លក្ខណៈ​វិវឌ្ឍន៍​ទៅ​រក​ជំងឺ​មហារីក។

បទ​អន្តរាគមន៍របស់​​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សៀង ថារិទ្ធ ឯកទេស​រោគស្ត្រី​ និង​សម្ភព និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល ក្រុង​ភ្នំពេញ។

ពាក្យគន្លឹះ : កម្ពុជា - សុខភាព

Friday, September 20, 2013

រមៀត គ្រឿង​ផ្សំ​ដ៏​មាន​មហិទ្ធិរិទ្ធ​ការពារ​ជំងឺ​មហារីក

នាទីសុខភាពនិងអនាម័យ
 
ពុធ 11 កញ្ញា 2013
រមៀត គ្រឿង​ផ្សំ​ដ៏​មាន​មហិទ្ធិរិទ្ធ​ការពារ​ជំងឺ​មហារីក
មើម​រមៀតស្រស់
មើម​រមៀតស្រស់
Flickr / Creative Commons
ដោយ អៀង សុខម៉ិញ
រមៀត​ ឬ​​មើ​ម​រមៀត មិន​ត្រឹម​តែ​ត្រូវ​អាច​យក​មក​​ប្រើ​ប្រាស់​សម្រាប់​បុក​ផ្សំធ្វើ​ជា​គ្រឿង​ ​សម្ល​ប្រហើរ ការី ឬ​ដើម្បី​យក​ពណ៌​ឱ្យ​ម្ហូប​ក្នុង​ចាន​ស្រស់​ស្អាត​ តែ​ក៏​ជា​គ្រឿង​ផ្សំ​មួយ​​ប្រើក្នុង​​ឱសថ​បូរាណ​សម្រាប់​ព្យាបាល​ជំងឺ​ ផ្សេងៗ​ដែរ ! ​ពេល​នេះ​គេ​ស្គាល់ និង​កាន់​តែ​យល់​ច្បាស់​គុណ​ប្រយោជន៍​ដ៏​សន្ធឹក​សន្ធាប់​របស់​រមៀត​ កាន់​ច្បាស់ ! អ្នក​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​បាន​រក​ឃើញ និង​ទទួល​ស្គាល់​ថា​ រមៀត​ មាន​គុណ​ប្រយោជន៍​រាប់​មិន​អស់​ សំរាប់​ការពារ​សុខភាព​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន រាប់​ទាំង​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​ផង។
ដោយ​មិន​និយាយ​រៀបរាប់​អំពី​ការ​ប្រើប្រាស់​មើម​រមៀត ស្លឹក​រមៀត ក្នុង​ការ​ផ្សំ​ធ្វើ​ម្ហូប​ ដើម្បី​បំបាត់​ក្លិន​ ដើម្បី​បាន​ពណ៌ ក្នុង​អាហារ​របស់​បណ្តា​ជន​រាប់​លាន​នាក់​នៅ​អាស៊ី មើម​រមៀត ត្រូវបានក្រុម​គ្រូពេទ្យ​ថ្នាំ​បូរាណ​ឥណ្ឌា​ ចិន ចាម​ ខ្មែរ ស្គាល់​និង​យក​មក​ប្រើ​ធ្វើ​ជា​ឱសថ​ តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ។ បើ​នៅ​ប្រទេស​ឥណ្ឌា​វិញ មើម​រមៀម ម្សៅ​រមៀត​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ស្ទើរក្នុង​គ្រប់​មុខ​ម្ហូប​​ ៖ បើ​ជា​សម្លការី​ផង គ្មាន​រមៀត គឺ​មិន​ហៅ​ថា​ការី​ឡើយ …

មាន​រសជាតិ​ពិសេស​ អ្នក​ចេះ​អ្នក​ចូល​ចិត្ត​ញ៉ាំ​ថាឆ្ងាញ់ អ្នក​មិន​ចូល​ចិត្ត ប៉ះមិន​បាន​ ដាក់​ច្រើន​ពេក​ក្នុង​ម្ហូប​ក៏​មិន​ឆ្ងាញ់ ដាក់​តិច​ជ្រុល​​មិន​សូវ​បាន​ប្រយោជន៍​ មិន​បាន​ក្លិនគ្មាន​​បាន​ពណ៌ រមៀត​មាន​គុណ​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ក៏​ព្រោះ​តែ​រមៀត​មាន​ផ្ទុក​សារធាតុ​សកម្ម​ Curcumine។ សារធាតុ ​Curcumine​ ដែល​មាន​តួនាទី​និង​សកម្មភាព​ប្រកប​ដោយ​អត្ថប្រយោជន៍​ដូច​ខាងក្រោម​នេះ ៖

រមៀត​មាន​សកម្មភាព​ជួយ​​ថើម​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល។ សារធាតុ​ Curcumine​ ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​វត្ថុ​រាវ​សំរាប់​ចិញ្ចឹម​សរីរាង្គកាយ​ផង ការ​បញ្ចេញ​ទឹក​ប្រម៉ាត់​ផង។ ក្រពះ​នឿយ​ហត់ ពិបាក​រំលាយ​ចំណី​អាហារ ជាពិសេស​ខ្លាញ់ ? ចូរ​គិត​ដល់​​រមៀត ព្រោះ​ថា ​សារធាតុ​ Curcumine​​ ត្រូ​វ​បាន​គេ​ចាត់​ទុក​ជា​ភ្នាក់ងារ​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ យ៉ាង​ពេញ​លេញ​​។ គ្រូពេទ្យ​ឯកទេស​ចំណីអាហារ​បាន​ណែ​នាំ​ឱ្យ​ប្រើ​រមៀត​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ម្ហូប​អាហារ​ណា​ដែល​មាន​ខ្លាញ់​ច្រើន ​សាច់ខ្លាញ់​ ឬ​ខ្ទិះ​ដូង​ ។ល។ ឬ​ ត្រូវ​ជ្រើ​សរើ​សម្អូប​​មាន​ដាក់​រមៀត​ ក្រោយ​ពីបាន​បរិភោគ​អាហារ​បុណ្យ​ច្រើន​​ពី​ល្ងាច​។ ធ្វើ​ដូច្នេះ​លោក​អ្នក​នាង​នឹង​អាច​បញ្ចៀស​គ្រោះ​មាន​ជំងឺ​ចាក់​ច្រាល​ (​ក្រ​រលាយអាហារ)បាន។ វត្តមាន​របស់​រមៀត ជា​គ្រឿង​ផ្សំ​របស់​សម្ល​ការី ​ទំនង​មិន​មែន​ជា​ការ​ចៃដន្យ​ទេ ! ការ​ប្រើ​រមៀត​២៥%​ នៅក្នុង​គ្រឿង​ការី គឺ​ពិត​ជា​ដើម្បី​ទប់​ឥទ្ធិពល​របស់​ខ្លាញ់​ ខ្ទិះ និង​ម្ទេស ដែល​បី​មុខ​នេះ​សោះ​បូក​បញ្ជូល​គ្នា​អាច​នឹង​ធ្វើក្រពះ​ទ្រាំ​មិន​បាន​។



រមៀត​ជា​អង់ទីអ៊ីតដង់ដ៏​ប្រពៃ ! ជា​ឬស​ជា​មើម​ រមៀត​មាន​សមត្ថភាព​ទៅកម្ចាត់​ពពួក​កោសិកាសេរី​ ដែល​នៅ​ដាច់​ឯកា​ពី​គេ​អាច និង​ដែលអាច​ភ្ជាប់​ទៅ​ជាមួយ​កោសិកា​ដទៃ​ទៀត​ដោយ​អានាថា តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។ និយាយ​បែប​ផ្សេង​ស្រួលយល់ ៖ ​ជាមួយ​នឹង​ការ​បរិភោគ​រមៀត ​សារធាតុ​ Curcumine​ នឹង​ទៅ​​បញ្ចេញ​សកម្មភាព​ជា​អ្នក​ការពារ​ព័ទ្ធ​​កោសិកា​មិន​ឱ្យ​ច្រេះ​ស៊ី ​មិន​ឱ្យ​កោសិកា​ឆាប់​ចាស់​មុន​អាយុ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចាស់​បូរាណ​ខ្មែរ​ ឱ្យលាប​រមៀត ដើម្បី​រក្សា​ស្បែក​នៅ​ក្មេង​ខ្ចី​ល្អ។ បើ​និយាយ​ដល់​សមត្ថភាព​អង់ទីអុកស៊ីតដង់​នេះ គេ​ត្រូវ​នឹង​ឃើញ​ភ្លាម​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក។

ពេល​នេះ​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​​អំពី​ប្រសិទ្ធិភាព​របស់​រមៀត​ប្រឆាំង​ ទប់ទល់​នឹង​ជំងឺ​មហារីក។ សមត្ថភាព​នេះ​នឹង​ឡើង​ដល់​កំរិត​កាន់​ខ្ពស់​ប្រសិន​បើ​គេ​ប្រើប្រាស់​រមៀត​​ បូក​ផ្សំ​ជាមួយ​នឹង​ប្រេង​Olive ជាមួយ​នឹង​ម្រេច​ខ្មៅ ឬ​ជាមួយ​នឹង​ខ្ញី -ផ្លែ​ម្នាស់។ ការ​សិក្សា​ជា​ច្រើន​កំពុង​តែ​ផ្តោ​ត​លើ​សមត្ថភាព​រមៀត​ជា​ថ្នាំ​ ការពារប្រឆាំង​ជំងឺ​មហារីក។ រមៀត​ទំនង​ជា​អាច​មាន​ឥទ្ធិពល​បី​ដំណាក់កាល​ ៖ ទី​មួយ​ គឺ​កាត់​បន្ថយ​សកម្មភាព​បំផ្លែង​ខ្លួន​របស់​សារធាតុ​ខ្លះ​ កាត់​បន្ថយ​ការ​ឆាប់​ស្លាប់​របស់​កោសិកា​ដែល​ចាស់ៗមុន​អាយុ​ ដោយ​ឥទ្ធិពល​ខាង​ក្រៅ និង​ចុង​ក្រោយ​ រមៀត​ទំនង​ជា​មាន​សកម្មភាព​ទៅ​ទប់​ស្កាត់​សរសៃ​ឈាម​តូចៗ​​មិន​ឱ្យ​មាន​កំណក​ ដុំ​​ពក​បាន។​ នៅ​ប្រទេស​ចិន អាជ្ញាធរ​សុខាភិបាល បានចេញ​អនុសាសន៍​ជា​ផ្លូវការ​ឱ្យ​បុគ្គល​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​បំពង់ ​​អាហារ ​ប្រើ​មើម​​រមៀត​ជា​ប្រចាំ។ សមត្ថភាព​ការពារ​​របស់​រមៀត​ កំពុង​សំឡឹង​ដល់​មហារីក​មាត់​​ធ្មេញ​បំពង់ក និង​ពោះវៀន។

នៅ​ប្រទេស​ឥណ្ឌា​គុណ​ប្រយោជន៍​របស់​រមៀត​​ប្រឆាំង​នឹង​ជំងឺ​មហារីក ត្រូវ​បាន​ទទួល​ស្គាល់​ជាទូទៅ ! ហើយ​បើ​យោង​តាម​ទិន្ន័យ​នៃ​ការ​សិក្សា​អំពី​រោគ​រាតត្បាត​ គេ​សង្កេត​ឃើញ​ថា​ប្រេវ៉ាឡង់​​នៃ​ជំងឺ​មហារីក​ជាច្រើន ដូច​ជា​មហារីក ពោះវៀន សុដន់ ពង​ស្វាស​ និង​សួត នៅ​តាមបណ្តា​ប្រទេស​អាស៊ី ដែល​បរិភោគ​រមៀត​ច្រើន មាន​កំរិត​ទាប​ជាង​ បណ្តា​ប្រទេស​នៅ​បស្ចឹម​លោក ដែល​មិន​ស្គាល់​រមៀត​នេះ​។​ ដូច្នេះ​ដំបូន្មាន​របស់​ចាស់​បូរាណ​ខ្មែរ​ ឱ្យ​ប្រើ​រមៀត​ដើម្បី​រក្សា​ស្បែក សាច់​ស្អាត ពិត​ជា​មិន​ខុស​ ឬ​មិន​មែន​ជា​គំនិត​ស្រមើស្រមៃ ជឿតៗ​គ្នា​ឥត​ប្រយោជន៍​ឡើយ។ ព្រោះ​បើ​វិភាគ​តាម​បែប​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​ រមៀត​មាន​ផ្ទុក​សារធាតុ​អង់ទីអ៊ុកស៊ីដង់​ ជួយ​កោសិកា​មិន​ឱ្យ​ឆាប់​ចាស់ គឺ​ពិត​ណាស់​ដែល​ថា​លាប​រមៀត​ដើម្បី​ជួយ​ស្បែក​ ឱ្យ​បាត់​ស្នាម​សម្លាក ឱ្យ​នៅក្មេង​ខ្ចី។ ​លទ្ធផល​បាន​បង្ហាញ​ដោយ​ជាក់​ស្តែង​​ចំពោះ​អ្នក​ដែល​មានជំនឿ​លើ​ឱកាស​បូរាណ និងអ្នក​ចូល​ចិត្ត​ប្រើប្រាស់​ថ្នាំ​ធម្មជាតិ។

ទាំង​ថោក​ ទាំង​ស្រួល​ដាំ​ដុះ រមៀត​មាន​គុណប្រយោជន៍​រាប់​មិន​អស់។ អ្នក​វិទ្យាសាស្ត្រ​បានរ​ក​ឃើញ​បន្ថែម​ទៀត ថារមៀត​នេះ​មាន​សកម្ម​ភាព​ប្រឆាំង​នឹង​ការ​រលាក។ រលាក​ដែល​មាន​កើត​មាន​ជា​ពិសេស​នៅ​តាម​ ​សន្លាក់​ដៃ​សន្លាក់​ជើង និង​ឆ្អឹង​ឆ្អែង។ លើស​ពី​នេះ​ទៅទៀត ការ​បរិភោគ​ជា​ប្រចាំ​ម្សៅ រមៀត អាច​ជួយ​សម្រួល​ចរន្ត​ឈាម និង​បេះដូង ការពារប្រឆាំង​ទប់​នឹង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ព្រោះ​រមៀត​​មាន​សមត្ថភាព​ទៅ​ទប់​ ទៅ​ឃាត់​មិន​ខ្លាញ់​អាច​កក​នៅ​លើ​ផ្ទៃ​នៃ​សរសៃ​ឈាម​ក្រហម​បាន។

យើង​បាន​និយាយ​ច្រើន​អំពី​គុណប្រយោជន៍​នៃ​រមៀត ប៉ុន្តែ​សួរ​ថា​តើ​ត្រូវ​បរិភោគ​យ៉ាង​ដូចម្តេច ? និង​ក្នុង​បរិមាណ​ប៉ុណ្ណា ?! នៅ​ប្រទេស​ឥណ្ឌា គេ​បរិភោគ​ឬស​ ឬ​មើម​រមៀត​ក្រៀម​ ពី​២ ទៅ​៤​ ក្រាម​ក្នុង​មួយ​ថ្ងៃ។ ឬស​-មើម​នេះ​ទៅ ទៅ​ចម្រាញ់​ នោះ​គេ​នឹង​ទាញ​បាន​សារធាតុ Curcumine ដ៏​មាន​ប្រយោជន៍​ប្រមាណ​ពី ១ ទៅ​៥% យ៉ាងច្រើន​បំផុត។ ដើម្បី​បាន​ប្រយោជន៍​ពី​រមៀត​ទៅ​ការពារ​សុខភាព គេ​ត្រូវ​ទទួល​ទាន​សារធាតុ Curcumine ពី ២០០ ទៅ ៤០០​មីល្លីក្រាម​ក្នុងមួយថ្ងៃ។ សូម​កុំ​ច្រលំ​សារធាតុ​​Curcumine ទៅ​នឹង​ម្សៅ​-រមៀត។ គុណភាព​រមៀត​មិន​ដូចគ្នាទេ ! ជាទូទៅ​ ក្នុង​មើម​រមៀត​ពី ២០ ទៅ​១០០​មីល្លីក្រាម​ អាច​ផ្តល់​​សារធាតុ​ Curcumine បាន​មួយ​មីល្លីក្រាម។

ពាក្យគន្លឹះ : ចំណីអាហារ - សុខភាព

កង្វះ​ជាតិ​ស្ករ និង​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម

នាទីសុខភាពនិងអនាម័យ
 
ពុធ 21 សីហា 2013
កង្វះ​ជាតិ​ស្ករ និង​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម
ទទួល​ទាន​ភេសជ្ជៈផ្អែម​​ងាយ​រុញ​ច្រាន​ឱ្យ​ជួប​គ្រោះ​ធាត់​ជ្រុល​ ជំងឺ​ទឹក​នោម​ផ្អែម និង​សរសៃ​ឈាម​បេះ​ដូង
ទទួល​ទាន​ភេសជ្ជៈផ្អែម​​ងាយ​រុញ​ច្រាន​ឱ្យ​ជួប​គ្រោះ​ធាត់​ជ្រុល​ ជំងឺ​ទឹក​នោម​ផ្អែម និង​សរសៃ​ឈាម​បេះ​ដូង
Cover/ Getty Images
ដោយ អៀង សុខម៉ិញ
​ជំងឺ​​ខ្វះ​ជាតិ​ស្ករ​ ចំពោះ​អ្នក​គ្មាន​រោគ​ទឹក​ផ្អែម មាន​ពីរ​ប្រភេទ ៖ ទី​មួយ​ជា​ករណី​កង្វះជាតិ​ស្ករ​តិចតួច ដែល​បណ្តាល​មក​ពី​ការ​នឿយហត់ ការ​បរិភោគ​មិនគ្រប់គ្រាន់ ឃ្លាន​ជ្រុល រហូត​​បង្ក​ឱ្យ​ចុះ​ជាតិ​ស្ករ ស្តែង​ឱ្យ​ដឹង​តាម​រយៈ​អាការៈ​ញ័រ​ខ្លួន ញ័រ​ដើម​ទ្រូង បែក​ញើស​ស្អិតៗ ។ល។ និង​។ល។ ​ចំណែក​ករណីទីពីរ ដែល​​អាច​ចាត់​ទុក​ជា​ជំងឺ​ ​ និង​អាចបង្ក​គ្រោះ​ថ្នាក់​​ដល់​ស្លាប់​បាន គឺករណី​កម្រ​ជួប​បំផុត។ តែ​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ បើ​ជួប​ករណី​​កង្វះ​ជាតិ​ស្ករ​ នោះអាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​ជីវិត។



ពាក្យគន្លឹះ : កម្ពុជា - សុខភាព

ហឺត​ជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ

នាទីសុខភាពនិងអនាម័យ
 
ពុធ 14 សីហា 2013
ហឺត​ជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ
ការ​បឺត​ថ្នាំ​ហឺត
ការ​បឺត​ថ្នាំ​ហឺត
©OMS
ដោយ អៀង សុខម៉ិញ
ហឺត​ជា​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ មាន​កើត​នៅពេញ​ពិភពលោក មិន​ថា​នៅក្នុង​ប្រទេស​ក្រីក្រ ប្រទេស​អ្នក​មាន ឬ​ជឿន​លឿន​ទេ ប៉ុន្តែអត្រា​អ្នក​ស្លាប់​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ព្រោះ​តែ​កង្វះ​មធ្យោបាយ​​​ព្យាបាលត្រឹម​ត្រូវ​និង​សព្វជ្រុងជ្រោយ។​ បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក មាន​មនុស្ស​​ប្រមាណ​ជាង ២៣៥​លាន​នាក់​​កើត​ជំងឺ​ហឺត ហើយ​ភាគ​ច្រើន​ជា​កុមារ។ ជំងឺ​ហឺត​នេះ​មិន​បង្ក​ឱ្យ​ស្លាប់​ទេ ប៉ុន្តែ​ជា​ទូទៅច្រើន​ពុំ​សូវ​បាន​ទទួល​ការ​វិភាគ​​ និង​ការ​ព្យាបាល​ ត្រឹម​ត្រូវ។
ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​ជំងឺ​ហឺត
-          ហឺត​ជា​ជំងឺ​រលាក​ទង​សួត​ រ៉ាំរ៉ៃ ​ (រលាក​ផ្លូវ​ដង្ហើម​ដក​ចេញ​និង​ដក​ចូល)
-          ប្រជាជន​ប្រមាណ​២៣៥​លាននាក់​ រងគ្រោះ​កើត​ជំងឺ​នេះ។ ជំងឺ​រ៉ាំរ៉ៃ​ ដែល​​មាន​ជា​ញឹកញាប់​ខ្លាំង​លើ​កុមារ
-          មរណភាព​បណ្តាល​មក​ជំងឺ​ហឺត​ ច្រើន​មាន​នៅ​ក្នុង​ប្រទេស​ដែល​កំរិត​ជីវិត​ទាប​ និង​មធ្យម ព្រោះ​តែ​កង្វះ​ការ​តាមដាន​
-          កត្តា​ចម្បង​​ដែល​នាំ​ឱ្យ​មាន​គ្រោះ​អភិវឌ្ឍន៍​ជំងឺ​ហឺត គឺ​សារធាតុ និង​ធាតុ​ល្អិតៗ ស្រូប​ចូល​ក្នុង​ខ្លួនបាន​​ នៅ​ពេល​ដក​ដង្ហើម ដែល​បង្ក​ជា​ប្រតិកម្ម​អាលែកហ្សិក ឬ​ការ​រលាក​ផ្លូវ​ដង្ហើម
-          គេ​អាច​គ្រប់គ្រង​ជំងឺ​ហឺត​នេះ​បាន​ដោយ​ប្រើ​ថ្នាំ ហើយ​ក៏​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​បាន​ដែរ
-          ការ​តាម​ដាន​ និង​ព្យាបាល​ត្រឹម​ត្រូវ អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ហឺត​ អាច​រស់​នៅ​បាន​ស្រួល​ តាម​ធម្មតា​



បទសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ទិ​ត ហៀប តិចឆេង
 
12/08/2013
 
 
ហឺត​ជា​ជំងឺ ​រ៉ាំ​រ៉ៃ ភាព​ធ្ងន់ធ្ងរ និង​ការ​ធ្វើ​ទុក្ខ​ មានញឹកញាប់​ ឬ​រង្វើល ប្រែប្រួលខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​។ គេ​អាច​សម្គាល់​ថា​មាន​ជំងឺ​ហឺត​នេះ ដោយ​អ្នកជំងឺ​ជួប​ការ​លំបាក​ក្នុង​ការដក​ដង្ហើម និង​ដក​ដង្ហើម​ចេញ​ចូល​​មាន​លាន់​ឮ​សំឡេង​ដូច​គេ​ហួច។ អាការៈ​រោគ​សញ្ញា​ អាច​ស្តែង​ចេញ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ​ ឬ​ក្នុង​មួយ​សប្តាហ៍​ ហើយ​ធ្លាក់​ធ្ងន់ធ្ងរ​​បាន​នៅ​ពេល​ណា​ដែល​អ្នក​ជំងឺប្រឹង​​ប្រើ​កម្លាំង​ ច្រើន ឬនៅពេល​យប់។​​​ នៅ​ពេល​ហឺត​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​ឡើង ទងសួត​ហើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យរន្ធ​​បញ្ចេញ​និង​ស្រូប​យក​ខ្យល់​​ចង្អៀត ដក​ដង្ហើម​ចេញ​ចូល​ពិបាក។ ដោយសារ​​​ហឺត​នេះ អ្នក​ជំងឺ​ច្រើន​ជួប​អាការៈ​គេង​មិន​លក់​ នឿយហត់​ជាប់រហូត​នៅ​ពេល​ថ្ងៃ កម្លាំង​ចុះ​ខ្សោយ មិន​ចង់​ចង់​បញ្ចេញ​សកម្មភាព។ ប៉ុន្តែ​បើ​ប្រៀប​ទៅ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត អត្រា​ស្លាប់​ព្រោះ​ហឺត​មានកំរិត​ទាប​បំផុត។
គេ​នៅ​ពុំ​ទាន់​អាច​បំភ្លឺ​ឱ្យ​បាន​​​ច្បាស់​នៅ​ឡើយ អំពី​បុព្វហេតុ​ស៊ីជម្រៅ​នៃ​ជំងឺ​​ហឺត។ ​ប៉ុន្តែ​កត្តា​ធំៗ​និង​សំខាន់ៗ​ គឺ​មាន​ទំនាក់ទំនង​នឹង​ហ្សែន​ និង​ ការ​ស្រូប​ដង្ហើម​ដោយ​សារធាតុ​ និង​ធាតុល្អិត​ឆ្មារៗ​ក្នុង​បិរស្ថាន បរិយាកាស​មិន​បរិសុទ្ធ​ ដែល​ងាយ​នឹង​បង្ក​ជា​ប្រតិកម្ម​ Allergique  ឬ​ងាយ​ធ្វើ​ផ្លូវ​ដង្ហើម​រលាក។ ​ធាតុល្អិត​ឆ្មារៗ​ទាំងនោះ​មាន​ជា​អាទិ៍ ៖
-          សារធាតុ​អាលែកហ្សែន​​នៅ​ក្នុង​ លម្អង​ធូលី​ រោម​សត្វ​ រោម​សំលី​ខ្នោយ​​ភួយ
-          សារធាតុ​អាលែកហ្សែន​ខាង​ក្រៅ​ លម្អង​ផ្កា​ ធូលី​ដី
-          ផ្សែង​បារី
-          ផលិតផល​គីមី​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​រលាក
-          ខ្យល់​អាកាស​ កខ្វក់ ពុល

ខ្យល់​ត្រជាក់ អារម្មណ៍​រំជើប​រំជួល​ខ្លាំង​ (ភ័យ​រន្ធត់ កំហឹង​ឆាបឆេះ​) បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង សុទ្ធ​តែ​ជា​ភ្នាក់ងារ​អាច​ទាញ​ជំងឺ​ហឺត​ឱ្យ​រើ​ធ្វើ​ទុក្ខ​ឡើង។ ជួនកាល​ការ​ប្រើ​ប្រាស់​ថ្នាំ​ ពពួក​Aspirine ពពួក​ anti-inflammatoires non stéroïdiens ou des bétabloquants សម្រាប់​ព្យាបាល​ជំងឺ​ឡើង​ឈាម​ បេះដូង និង​ឈឺក្បាល ក៏​អាច​នាំ​​ឱ្យ​ហឺត​ធ្វើ​ទុក្ខដែរ។

គេ​បាន​ភ្ជាប់​ការ​អភិវឌ្ឍន៍​នគរូបនីយកម្ម​ ទៅ​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​កើត​ជំងឺ​ហឺត​ ប៉ុន្តែ​គេ​មិន​ស្គាល់​ច្បាស់​ទេ​អំពី​ដើម​ហេតុ​នៃ​ទំនាក់ទំនង​នេះ។

ជំងឺហឺត​ មិនអាច​ព្យាបាល​ជា​ដាច់​ស្រឡះទេ ប៉ុន្តែ​បើ​មាន​ការ​តាមដាន​ជំងឺ​ជាប់​លាប់​ល្អ​ ការ​ធ្វើ​ទុក្ខ​ក៏​មិន​សូវមាន ការ​រស់​នៅ​ក៏​បាន​ប្រសើរ។ ការ​ប្រើ​ថ្នាំ គឺ​ជា​កាយ​វិការ​បន្ទាន់ សម្រួល​អាការៈ​សញ្ញា​ធ្វើ​ទុក្ខ ប៉ុន្តែ​គ្មានការធូរស្បើយ អ្នក​ជំងឺ​ត្រូវ​តែ​ធ្វើ​ការ​ព្យាបាល​ជា​ប្រចាំ​ រាល់​ថ្ងៃ​ ដើម្បី​ព្យាបាល​ការ​រលាក​ និង​ការពារ​កុំ​ឱ្យ​អាការៈ​ធ្វើ​ទុក្ខ​ស្តែងឡើង​បាន​។​

ថ្នាំពេទ្យ​មិន​មែន​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ប្រើ​សម្រាប់​ប្រយុទ្ធ​នឹង​ ជំងឺ​ហឺត​ឡើយ។ វា​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​បុគ្គល​អ្នក​ជំងឺ​ផ្ទាល់​ត្រូវ​ចេះ​ដឹង​ ស្គាល់ និង​គេច​ឱ្យ​បានពី​អ្វី​ដែល​បង្ក​វិបត្តិ បង្ក​ការ​ធ្វើ​ទុក្ខ ពោល​គឺ​ចៀសវាង​កុំ​ឱ្យ​មាន​ការ​កកិត​ រលាក​ផ្លូវ​ដង្ហើម។ ដោយ​មាន​ជំនួយ​ពី​គ្រូពេទ្យ​ អ្នក​មាន​ហឺត​ក្នុង​ខ្លួន ត្រូវ​រៀន​គេច​ពីអ្វី​ដែល​ជា​ភ្នាក់ងារ​នាំ​ឱ្យ​ហឺត​ធ្វើ​ទុក្ខ​ឡើង។

ថ្វី​បើ​មាន​មនុស្ស​ស្លាប់​តិច​តួច​ព្រោះ​ជំងឺ​ហឺត​ក៏​ដោយ ក៏ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​សមស្រប គ្មាន​ការ​តាមដានពេល​​ព្យាបាល​អាច​នាំ​ដល់​គ្រោះ​មរណបាន​យ៉ាង​ងាយ៕
ពាក្យគន្លឹះ : សុខភាព

ចំណី​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព

  • បោះ​ពុម្ព
  • 0
  • ផ្ញើទំព័រ​នេះ
  • save
  • ចែកចាយ
នាទីសុខភាពនិងអនាម័យ
 
ពុធ 07 សីហា 2013
ចំណី​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព
បន្លែ​និង​ផ្លែ​ឈើ​ខ្លះ​មាន​សមត្ថភាព​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក
បន្លែ​និង​ផ្លែ​ឈើ​ខ្លះ​មាន​សមត្ថភាព​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក
ដោយ អៀង សុខម៉ិញ
ចាប់​ពី​សប្តាហ៍​នេះ​ទៅ ជា​រៀង​រាល់​មួយ​ខែ​ម្តង នាទី​សុខភាព​របស់​វិទ្យុ​បារាំង​នឹង​លើក​យកមក​ជម្រាប​ជូន​លោក​អ្នក​នាង អំពី​គុណប្រយោជន៍​របស់​បន្លែ ផ្លែឈើ មួយ​ម្តងៗ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាជ្រាវ​រក​ឃើញ​ថា អាច​ជួយ​ការ​ពារ​សុខភាព​មនុស្ស​ប្រឆាំង​នឹង​រោគា​ផ្សេងៗ។
ការសិក្សា​ចុងក្រោយ​ ទើប​បាន​បញ្ជាក់​ជា​ថ្មី​ទៀត អាហារ​ក្នុង​ចាន​របស់​យើង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ចំពោះ​សុខភាព។ ជ្រើសរើស​បរិភោគ​អាហារ​ គឺ​ជា​មធ្យោបាយ​ការពារ​ដ៏​ប្រសើរ​​ប្រឆាំង​នឹង​ជំងឺ​មហារីក ជំងឺ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​វង្វេងវង្វាន់។ អាហារ​អាច​បញ្ចៀស​មិន​ឱ្យ​ជួប​គ្រោះ​ កើត​​ជំងឺ​មហារីក​ពង​ស្វាស ៤០%​ និង​ដល់​ទៅ​៦០%​ជំងឺមហារីក​សុដន់។ ដោយ​ផ្អែក​លើ​​ឯកសារ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល​ ផ្នែក​ចំណី​អាហារ មាន​បន្លែ​ផ្លែ​ឈើ​ចំនួន ៣០​មុខ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​មាន​គុណប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ​ មាន​ជាអាទិ៍​ ខ្លឹម​ស តែ​បៃតង ផ្លែឈើ​ពណ៌​ក្រហម ឬ​រមៀត ​...

បន្ទាប់​ពី​បាន​ចំណាយ​ពេល​វេលា​ សិក្សា​ស្រាវជ្រាវ​​ អស់​ជាង​៣០​ឆ្នាំ​ ពេលនេះ​ ឥទ្ធិពល​ឬ​តួនាទី​របស់​ចំណី​អាហារ​ចំពោះ​សុខភាព ត្រូវ​បាន​ទទួល​ស្គាល់​ពី​គ្រប់​ស្ថាប័ន។ ការ​សិក្សា​របស់​អឺរ៉ុប​មួយ​ទៀត​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​​អនុសាសន៍​១០​ចំណុច​របស់​មូលនិធិ​ពិភពលោក​សា្រវជ្រាវ​ប្រឆាំង​ នឹង​មហារីក​ ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០០៧ មាន​៦​ចំណុច​ទាក់ទង​នឹង​ចំណីអាហារ។

ប្រសិន​បើ​មាន​របប​អាហារ​ត្រឹមត្រូវ គ្រោះ​កើត​ជំងឺ​មហារីក​ជាទូទៅ នឹង​ត្រូវ​កាត់បន្ថយ​បាន​ ២០% - ២៥​%​ចំពោះ​មហារីក​ពោះវៀន​ធំ ៣០%​ចំពោះ​មហារីក​តម្រង​នោម ៤០%​មហារីក​ដុំ​សាច់​ក្រពះ​និង​បំពង់​រំលាយ​អាហារ​ និង​បាន​ដល់​ទៅ​៥០%​​ចំពោះ​មហារីក​ប្លោក​នោម​និង​ក្រពះ។ ដូច្នេះ ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង គេ​អាច​ការពារ​មិន​ឱ្យ​កើត​ជំងឺមហារីក​មួយ​ក្នុង​ចំណោម​ជំងឺ​មហារីក៥ ដោយ​ប្រតិបត្តិ​​​ខ្ជាប់​ខ្ជួនរបប​ចំណី​​អាហារ​ បរិភោគ​ប្រចាំ​ថ្ងៃ។ ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​អ្នក​មិន​ជក់​បារី មិន​ចូល​ចិត្ត​សំដិល​ថ្ងៃ​ និង​ធ្វើ​ពលកម្ម លំហាត់​ប្រាណ​៣០​នាទី​ជា​ប្រចាំ​ រាល់​ថ្ងៃ​ នោះ​គ្រោះ​កើត​ជំងឺ​មហារីក នឹង​ត្រូវ​កាត់​បន្ថយ​អស់​ ៧០% និង​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង និង​ជំងឺ​វង្វេងវង្វាន់​ទៀត​ផង។

និយាយ​អំពី​​របប​អាហារ មិន​មែន​បាន​ន័យ​ថា​ត្រូវ​តម​នេះ ឬ​តម​នោះ ឬ​លែង​ហ៊ាន​បរិភោគ​នោះ​ទេ។ អាហារ​មិន​មែន​សុទ្ធ​តែមាន​ឥទ្ធិពល​ការពារ​សុខភាព ទាំងអស់​ឡើយ។ បន្លែ​ផ្លែឈើ​​ដែល​ផ្តល់​គុណប្រយោជន៍​ការពារ​​​សុខភាព ទទួ​ល​ស្គាល់​ដោយ​វិទ្យាសាស្ត្រ មាន​តែ​ប៉ុន្មាន​ជាង​២០​ប្រភេទ​ប៉ុណ្ណោះ​ មានជាអាទិ៍​ បន្លៃ​បៃតង ពពួក​ផ្លែឈើ​តូចៗ ពពួក​ដើម​វល្លិ៍ តែ​បៃតង​ ​រមៀត ដែល​ជា​រុក្ខជាតិ​មាន​អំណាច​បំផុត​ប្រឆាំង​នឹង​ការ​រាលដាល​នៃ​មេរោគ ពពួក​ក្រូច និង​ពពួក​ខ្ទឹម ខ្ទឹម​ស​-ក្រហម ខ្ទឹម​បារាំង ។ល។ និង​។ល។ បន្លែ​ផ្លែឈើ​ទាំង​នេះ មាន​ផ្ទុក​មូលេគុល ដែលអាច​បង្កើត​សរីរៈ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍន៍​ដុំ​ពក Tumeur។​

ប៉ុន្តែ​សូម​កុំ​យល់​ច្រលំ ! ​រមៀត​មិន​អាច​ព្យាបាល​មហារីក​បានទេ ឬ​ក៏​ពិសារ​ម្រះ​ទៅ​ជា​ជំងឺទឹក​នោម​ផ្អែម​ នោះ​ក៏​ទេដែរ ! ម្ហូប​អាហារ​បន្លែ​ផ្លែ​ឈើ​ ដែល​ថា​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​នេះ គឺពិសារ​ទៅ​បាន​ទាំង​ឆ្អែត​ ទៅ​ចិញ្ចឹម​រាងកាយ​ផង និង​បាន​​ជា​ការ​ការពារផង- មិនមែន​ព្យាបាល​ទេ។ ការពារ​ប្រសើរ​ជាងព្យាបាល​ ហើយ​ការ​ការពារ​នេះ គ្មាន​ផ្តល់​ផល​បះពាល់​បន្ទាប់​បន្សំ​អ្វី​សោះ ព្រម​ទាំង​មិន​បាន​ចំណាយ​អ្វី​ឱ្យ​លើល​ពី​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ សូមជម្រាប​ជូន​ថា មនុស្ស​គ្រប់រូប តាម​ការពិត​ទៅ​ក្នុង​មួយ​ថ្ងៃ​ៗ ខ្លួន​ប្រាណ​យើង​ផលិត​កោសិកា​អាច​ក្លាយ​ជា​កោសិកា​មហារីកបាន​ដល់​ជាង​១​លាន​ កោសិកា ដូច្នេះ​ប្រសិន​បើ​យើង​បរិភោគ​អាហារ​ដែល​មាន​សមត្ថភាព​​ទប់​ស្កាត់ ឬ​ប្រឆាំង​នឹង​មូលេគុល​មហារីក​ ដុំ​ពក​នោះ​នឹង​មិន​អាច​វិវឌ្ឍន៍​​ទៅ​ជា​ជំងឺ​មហារីក​ទេ។​

កម្មវិធី​សុខភាព​របស់​វិទ្យុ​ធ្លាប់​បាន​ជម្រាប​ជូន​​អំពី​អនុសាសន៍​របស់​ អង្គការ​សុខភាព​ពិភពលោក ឱ្យ​បរិភោគ​បន្លែ​ផ្លែ​ឈើ​ ៥ មុខ ក្នុង​មួយ​ថ្ងៃ​។ គ្រប់​​បន្លែ ផ្លែ​ឈើ នីមួយៗ សុទ្ធ​តែ​មាន​​គុណប្រយោជន៍ជួយ​រក្សា​​​សុខភាព​ដូចគ្នា ក៏​ប៉ុន្តែ​សមត្ថភាព ជា​ថ្នាំ​ “​ការពារ​” មិន​ដូចគ្នាទេ ! ដូច្នេះ លោកអ្នកនាង​ត្រូវតែ បរិភោគ​ ឱ្យ​ប្លែកៗគ្នា ឱ្យ​ទទួល​ច្រើន​លើស​ពី​៥ ទៅ​ទៀត​ កាន់​តែ​ប្រសើរ ព្រោះ​សូម​បញ្ជាក់​ថា​អនុសាសន៍​របស់​អាជ្ញាធរ​សុខភាពនេះ​ ជា​ការ​ណែនាំ​ឱ្យ​ធ្វើ​អ្វី​មួយ​ក្នុង​កំរិត​អប្បបរិមាប៉ុណ្ណោះ។


ញ៉ាំ​ដើម្បី​រស់ ឬ រស់​ដើម្បី​ញ៉ាំ​ ?​ មាន​អត្ថន័យ​ខុស​គ្នា​ស្រលះ ! លោកអ្នក​នាង​ជ្រាប​ជា​ស្រេច​ហើយ  ! ហើយ​ពាក្យ​នេះ​ ពិត​ជា​មាន​ន័យ​អប់​រំ​គ្រប់គ្រាន់ មិន​មែន​សម្រាប់​តែ​លើ​សុជីវធម៌​រស់​នៅ​ក្នុង​សង្គមប៉ុណ្ណោះ​ទេ ​តែក៏​មាន​ប្រយោជន៍​ខ្លាំង​​ចំពោះ​សុខភាព តាម​បែប​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ដែរ។  ទទួល​ទាន​អាហារ​ ពិត​ណាស់​គឺ​ដើម្បីយក​ទៅ​​​ចិញ្ចឹម​សរីរាង្គ​កាយ​ ឱ្យ​រស់​រាន​មានជីវិត​ ឱ្យមាន​ថាមពល​ ប៉ុន្តែ​ចំណី​អាហារ​​ ក៏​អាច​សម្លាប់​យើង​បាន​ដូច​គ្នា ប្រសិន​បើ​ចំណី​អាហារនោះ​​មិន​ល្អ ខ្លាញ់​ជ្រុល ផ្អែម​ជ្រុល ប្រៃជ្រុល ឬ​ការ​ទទួល​ទាន​របស់​យើង​ច្រើន​​ជ្រុល​ហួស​ហេតុ​ ហួស​សេចក្តីត្រូវ​ការ បូក​ផ្សំ​នឹង​ការ​គ្មាន​អនាម័យ​ក្នុង​ជីវិត មិន​ធ្វើ​កីឡា​ មិន​បញ្ចេញ​ថាមពល​ឱ្យ​មាន​សមភាព​នឹង​ការ​ហូប​ចុក​ចូលទៀត នោះគ្រោះ​កើត​ជំងឺក៏​មាន​ច្រើន ៖ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះ​ដូង ជំងឺ​ខ្លាញ់​ក្នុង​ឈាម ធាត់​ជ្រុល។​

វា​មិន​ចម្លែក​ទេ ដែល​ក្នុង​សម័យ​សង្គ្រាម ក្នុង​ពេល​ក្រខ្សត់​ គេ​នាំ​គ្នា​និយាយ​អំពី​​ជំងឺ​កង្វះ​ចំណី​អាហារ​ ហើយ​នៅ​ពេល​មាន​បាន​ធូរធារ មាន​ជំងឺ​ព្រោះ​បរិភោគ​ជ្រុល​នោះ។ គឺ​ទំនង​ដោយ​មូល​ហេតុ​ដូច្នេះ​ហើយ​បានជា​អ្នក​ឯកទេស​ខ្លះ​ ណែនាំ​កុំ​ឱ្យ​ទទួល​ទាន​តាម​សេចក្តី​ឃ្លាន ប្រសិន​បើចង់​មាន​សុខភាព​ល្អ​។ បណ្តា​ជន​ជប៉ុន​ ដែល​ល្បី​ថា​​មាន​អាយុ​យឺនយូរ​ជាង​គេ​ និង​សុខភាព​ល្អ​ខ្លាំង​នោះ មាន​ប្រពៃណី​​បរិភោគ​អាហារ​តែ​ ប្រមាណ​៨០%​ នៃ​ភាព​ស្រេក​ឃ្លាន​របស់​ក្រពះ​ប៉ុណ្ណោះ ព្រោះ​ចង់​បញ្ចៀស​ពាក្យ​ថា​ឆ្អែត​ជ្រុល។ ប៉ុន្តែ​សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ ! ​

​​បើ​និយាយ​អំពី​របៀប​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ​វិញ សូម​ទទួល​ទាន​ដោយ​យឺតៗ តាម​សម្រួល​ ដើម្បី​ឱ្យ​ខួរ​ក្បាល​បាន​ទទួល​ព័ត៌មាន​អំពី​សកម្មភាព​របស់​សរីរាង្គផង។ ព្រោះ​បើ​ញ៉ាំ​លឿន​ពេក ក្រពះ​ពេញមែន​ ប៉ុន្តែខួរ​ក្បាល​មិន​ដឹង​ ទើប​នាំ​ឱ្យ​មាន​អាការៈ​ចង់​ញ៉ាំ​រហូត។ ចំណី​អាហារ​ពេញផ្ទៃ​ទៅ​ហើយ តែ​មាត់​នៅ​តែចង់​​ទៀត ឬ​ពុំ​នោះ​ទេ បាន​តែ​ប៉ុន្មាន​ម៉ោង​ក៏​ស្រាប់​តែ​មាន​អារម្មណ៍​ឃ្លានទៀត។ មួយ​ថ្ងៃ​ឡើង​បួន​ប្រាំ​ដង។ នេះ​មិន​មែន​មាន​ន័យ​ ត្រូវ​តែ​គោរព​ដាច់​ខាត​របប​អាហារ​បី​ពេល​​មួយ​ថ្ងៃ​ មិន​អាច​ស្រស់​ស្រូប​អាហារ​សម្រន់​​បាន​នោះទេ។ ផ្ទុយ​ទៅ​វិញ គេ​មិន​ត្រូវ​លោត​រំលង​អាហារ​មួយ​ពេល​ណា​ឡើយ។ ​បើ​តាម​ការ​សិក្សា​ថ្មី​របស់​សកលវិទ្យាល័យ​អាមេរិក​ដ៏​ល្បីល្បាញ​ផ្នែក​ សុខភាព​សាធារណៈ ចេញ​ផ្សាយ​កាលពី​​ពីរ​សប្តាហ៍​មុន ការស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ មាន​គុណ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ការពារ​បេះដូង។ បុរស​​មិនទទួល​ទាន​អាហារ​ពេល​ព្រឹក​ បង្កើន​​គ្រោះ​កើត​ជំងឺ​បេះដូង ឬ​ស្លាប់​ព្រោះ​ជំងឺ​សរសៃ​ឈាម​បេះដូង​​ ២៧​% លើ​ស អ្នក​​បរិភោគអាហារ​ពេល​ព្រឹក​ជា​ប្រចាំ។ ជាង​នេះ​ទៅ​ទៀត អ្នក​មិន​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ ងាយ​ឡើងទម្ងន់​ ច្រើន​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​មាន​អត្រា​ខ្លាញ់​ក្នុង​ឈាម Cholesterol ក៏​ខ្ពស់​។ សូម្បី​តែ​នៅ​ក្នុង​ការ​ធ្វើ​របប​អាហារ​ដើម្បី​ចុះ​ស្គម ឬ​បញ្ចុះ​ទម្ងន់ គ្រប់​អ្នក​ឯកទេស​របបអាហារ​ទាំង​អស់ ណែនាំ​ឱ្យ​បន្ថយ​បរិមាណ​អាហារ​ពេល​ល្ងាច ប៉ុន្តែ​ដាច់​ខាត​ត្រូវ​តែ​ស្រស់ស្រូប​អាហារពេល​ព្រឹក។ ម្យ៉ាង​វិញ​ទៀត សម្រាប់​បុរស​ដែល​ចូល​ចិត្ត​ទទួល​ទាន​អាហារ​ពេល​យប់ (ក្រោយ​អាហារ​ពេល​ល្ងាច) កាន់​តែ​មាន​គ្រោះ​​កើត​ជំងឺ​បេះដូង​ ជាង​អ្នក​មិន​បរិភោគ​អ្វី​សោះ​ក្រោយ​ពេល​បាយ​ល្ងាច​ហើយ។

ចំពោះ​កុមារ​វិញ គ្រោះ​ថ្នាក់​​នៃ​ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង ​ទៀត។ ការសិក្សា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កុមារ​អាយុ​៦​ឆ្នាំ​ មិន​បរិភោគ​អាហារ​ពេល​ព្រឹក មាន​សតិ​បញ្ញា​កំរិត​ឆ្លាត​វៀង​វៃ​ ធ្លាក់​ចុះ​ ចាញ់​កុមារ​ធម្មតា​ឆ្ងាយ​ណាស់ !!!! ចាញ់​ដល់​ទៅ ៤,៦​ពិន្ទុ។ បន្ទាប់​ពី​គេង​សំរាក​អស់​ពេញ​មួយ​យប់ ខួរ​ក្បាល​មនុស្ស​ ប្រៀប​ដូច​ជា​ម៉ាស៊ីន​មួយ ត្រូវ​ការ​ប្រេង​​ចាក់​​បំពេញ​ ​ដើម្បី​បញ្ចេះ​បាន។ ដូច្នេះ​ការ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ជា​ការ​ចាំ​បាច់​សម្រាប់​ចាប់​ផ្តើម​សកម្មភាព​ប្រចាំ​ថ្ងៃ។ អាហារ​ពេល​ព្រឹក​ជា​គំរូ មាន​ដូច​ជា​ បាយ​ បបរ នំប៉ាំង (គ្រាប់ធញ្ញជាតិ) សំរាប់​នាំ​លំនឹងអ៊ីដ្រាត​ដឺកាបូន ប្រូតេអ៊ីន សាច់-ត្រី-ទឹកដោះគោ និង​វីតាមីន​ ព្រមទាំង​សារធាតុ​រ៉ែ ពោល​គឺ​ ​ផ្លែឈើ៕​



ពាក្យគន្លឹះ : ចំណីអាហារ - សុខភាព