ផលល្អរបស់កាហ្វេ ចំពោះសុខភាពមានជាអាទិ៍ ៖
ឥទ្ធិពលជាវិជ្ជមានប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង
ជំងឺមហារីកប្រព័ន្ធរំលាយអាហារ ទឹកនោមផ្អែមប្រភេទទីពីរ
ជំងឺវង្វេងវង្វាន់ ភ្នែកស្ងួត ឬជំងឺញ័រ។
កាហ្វេអាចថែមទាំងជួយកាត់បន្ថយគ្រោះមរណៈ បាន១០%
របស់មនុស្សពេញវ័យអាយុចាប់ពី ៥០ទៅ ៧១ឆ្នាំ
ដែលបរិភោគកាហ្វេបីពែងក្នុងមួយថ្ងៃ
(បើប្រៀបទៅនឹងអ្នកមិនបរិភោគកាហ្វេសោះ)។
នេះបើយោងតាមការសិក្សារបស់វិទ្យាស្ថានជាតិអាមេរិកប្រឆាំងនឹងជំងឺ
មហារីក លើមនុស្ស ៤០០០០០នាក់។
ប៉ុន្តែកាហ្វេ ភេសជ្ជៈដែលមនុស្សទូទៅទទួលច្រើនជាងគេបន្ទាប់ពីទឹក
មានឈ្មោះមិនល្អប៉ុន្មានទេ។
គ្រប់គ្នាតែងយល់ថាការបរិភោគកាហ្វេខ្មៅច្រើន នឹងផ្តល់ផលអាក្រក់
ដូចពាក្យស្លោក ធ្វើអ្វីក៏ដោយឱ្យតែជ្រុល គឺមិនល្អទេ !
រូបភាពអាក្រក់របស់កាហ្វេ គឺនាំឱ្យខូចបេះដូង រលាកក្រពះ រំខានដំណេក
មហារីកផ្លោកនោម ឬមានឥទ្ធិពលអាក្រក់លើកូនក្នុងផ្ទៃ ។ល។ និង។ល។
ប៉ុន្តែជាងម្ភៃឆ្នាំមកហើយ ដែលការភ័យព្រួយ ទាំងអំបាលម៉ាននេះ
ត្រូវរលប់ចេញ ជាបណ្តើរៗ បន្ទាប់ពីមានការសិក្សាកាន់តែច្រើនឡើងៗ
បង្ហាញ តែផលល្អរបស់កាហ្វេ ប្រសិនបើបរិភោគ ជាតិកាហ្វេអ៊ីន
ប្រមាណពី២០០ទៅ៣០០មីលី្លក្រាម ក្នុងមួយថ្ងៃ។
« មានរសជាតិនិង
ក្លិនឈ្ងុយឆ្ងាញ់ ប៉ុន្តែមានឈ្មោះអាក្រក់”។ នៅតាមតៀមកាហ្វេ
គ្រប់គ្នាសុទ្ធតែយល់ថាកាហ្វេមិនល្អចំពោះបេះដូង ក្រពះ និងដំណេក
តែតាមពិតកាហ្វេមិនផ្តល់ផលអាក្រក់អ្វីដល់សុខភាពទេ។
ការសិក្សាដ៏ធំមួយរបស់អាមេរិកដែលប្រៀបធៀបអត្រាមរណៈ បង្ហាញថា
អ្នកផឹកកាហ្វេរងគ្រោះកើតជំងឺសរសែឈាមបេះដូង ជំងឺបេះដូង
ទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងជំងឺបង្ករោគ
តិចជាងអ្នកមិនផឹកកាហ្វេ។
ថ្វីត្បិតតែអ្នកស្រាវជ្រាវមិនទាន់ស្គាល់យន្តការច្បាស់លាស់ក៏ដោយ
ក៏គេបានដឹងថា សារធាតុកាហ្វេអ៊ីន
មានប្រតិកម្មលើប្រព័ន្ធខួរក្បាល Recepteur
ដែលទទួលដឹងព័ត៌មានអ្វីមួយ ដោយបាននាំសារធាតុអង់ទីអុកស៊ីដង់
ដែលជាភស្តុតាងបញ្ជាក់គុណប្រយោជន៍នៃកាហ្វេចំពោះខួរក្បាល។
កាហ្វេផ្តល់គុណប្រយោជន៍ ល្គិកណាអ្នកបរិភោគក្នុងបរិមាណ កាហ្វេខ្មៅ
អត់ដាក់ស្ករ អត់ដាក់ដាក់ទឹកកក ៤ទៅ ៥ពែង ក្នុងមួយថ្ងៃ
និងដោយមិនជក់បារី។ »
ការសិក្សាស្រាវជ្រាវថ្មីៗរបស់សហរដ្ឋអាមេរិក
ទើបចេញផ្សាយនៅសប្តាហ៍មុន បានរកឃើញបន្ថែមទៀតថា
ទោះក្នុងកំរិតច្រើនបន្តិចក្តីក៏កាហ្វេអាចជួយសុខភាពបានច្រើន។
ការស្រាវជ្រាវកំពុងបន្តសិក្សាលើឥទ្ធិពលរបស់កាហ្វេចំពោះ
ជំងឺប្រព័ន្ធប្រសាទ មានជាអាទិ៍ជំងឺវង្វេងវង្វាន់ Alzeimer និងជំងឺ
Parkinson ញ័រដៃញ័រជើង។
តើកាហ្វេជាអ្វី ?
បន្ទាប់ពីទឹក គេអាចនិយាយបាន
គឺកាហ្វេនេះឯងដែលមនុស្សទូទៅបរិភោគច្រើនជាងគេ នៅលើពិភពលោក។
មានប្រទេសជាង៧០ធ្វើកសិកម្មដាំដើមកាហ្វេ តែប្រេស៊ីលនិងកូឡុំប៊ី
មានឈ្មោះល្បីជាងខាងផលិតផលកាហ្វេនេះ។ ដំណាំកាហ្វេល្អ
ត្រូវការលូតលាស់ជាមួយអាកាសធាតុជាពិសេស កម្តៅត្រឹមរវាងពី
២០ទៅ២៥ដឺក្រេ ពន្លឺព្រះអាទិត្យ មិនចែងចាំចំខ្លាំង។
ជាកូនដើមឈើតូចៗម្យ៉ាង មានផ្កានិងផ្លែនៅនឹងមែក
ដែលក្រោយមកក្លាយជាគ្រាប់កាហ្វេ។
|
ផ្កាកាហ្វេប្រភេទ robusta នៅប្រទេសវៀតណាម
DXLINH / Wikimédia
|
|
កាហ្វេមានពីរប្រភេទ ៖
- កាហ្វេ អារ៉ាប៊ីកា តំណាង៧៥%នៃផលិតផលកាហ្វេនៅលើពិភពលោក។
មានរសជាតិឈ្ងុយឈ្ងប់ និងស្រទន់ តែពិបាកដាំនិងថែរក្សា
ព្រោះត្រូវការដុះលើដីក្នុងកំរិតរយៈកម្ពស់ពី ៦០០ ទៅ២០០០ម៉ែត្រ។
មានកំហាប់ជាតិកាហ្វេអ៊ីនទាប (០,៨ ទៅ ១,៣%)។
ច្រើនដាំដុះតែនៅអាមេរិកកណ្តាល អាមេរិកកណ្តាលនិងអាហ្វ្រិកខាងកើត។
- កាហ្វេ រ៉ូប៊ូស្តា តំណាងឱ្យ២៥%នៃផលិតផលពិភពលោក។
ជាដើមឈើធន់នឹងជំងឹ អាចដុះលូតលាស់លើខ្ពង់រាបទាបៗ
ជាងដើមកាហ្វេអារ៉ាប៊ីកា និងផ្តល់ផលច្រើន។
ប៉ុន្តែរសជាតិកាហ្វេរ៉ូបូស្តា មានរសជាតិខ្លាំង ល្វីង សុទ្ធជ្រុល
មិនសូវមានក្លិនឈ្ងុយដូចអារ៉ាប៊ីកា ឯកំហាប់ជាតិកាហ្វេអ៊ីនក៏ខ្ពស់
(២ ទៅ ២,៥%)។ គេមានការដាំដុំកាហ្វេប្រភេទនេះច្រើននៅអាហ្វ្រិក
និងអាស៊ីអាគ្នេយ៍។
គ្រាប់កាហ្វេបេះហើយ ត្រូវយកទៅលីង ដើម្បីបានក្លិន។
បើលីងកាន់តែយូរកាន់តែខ្លាំង កាន់តែល្វីង តែបាត់បង់លក្ខណៈដើម។
ការលីងកាហ្វេ ត្រូវប្រែប្រួល តម្រូវទៅតាមប្រភេទកាហ្វេ
ទើបអាចកំណត់ទាញរសជាតិដ៏ប្រពៃនៃកាហ្វេបាន។
តើនៅក្នុងកាហ្វេមានសារធាតុអ្វីខ្លះ ?
គ្រាប់កាហ្វេ មានផ្ទុក ជាពិសេសគឺ សារធាតុ ប្រមាណជាង១០មុខ
ដែលអាចផ្សំឡើងពេលខ្លះ ក្នុងពេលលីង
ប៉ុន្តែសារធាតុដែលសំខាន់ជាងគេមានបី ៖ កាហ្វេអ៊ីន
អាល់កុលDiterpènes និងល្បាយPhenolique
ដែលល្បីថាមានសកម្មភាពអង់ទីអុកស៊ីដង់។ ពិសារកាហ្វេខ្មៅ ពីរ ឬបីពែង
ក្នុងមួយថ្ងៃ
គឺឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការធម្មជាតិផ្នែក
អង់ទីអុកស៊ីដង់ដែលចាំបាច់សំរាប់សរីរាង្គកាយមនុស្សម្នាក់ហើយ។
ហេតុដូច្នេះហើយបានជាការសិក្សារបស់អ្នកស្រាវជ្រាវជនជាតិណ័រវេស
បង្ហាញថា
កាហ្វេជារបបអាហារដែលទៅបំពេញបានយ៉ាងគ្រប់គ្រាន់តម្រូវការ
អង់ទីអុកស៊ីដង់របស់មនុស្ស។
គុណប្រយោជន៍នៃកាហ្វេ
ការសិក្សាកាន់តែច្រើនឡើងៗ និងនាពេលថ្មីៗនេះ បានបោះផ្សាយ
ការបរិភោគកាហ្វេ
ក្នុងបរិមាណច្រើន អាចកាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែមប្រភេទ
ទីពីរ និងជំងឺញ័រដៃញ័រជើង ដែលបណ្តាលមកប្រព័ន្ធប្រសាទចុះខ្សោយ។
បរិភោគក្នុងបរិមាណច្រើន គឺ ប្រមាណពី ៤ទៅ ៦ពែង ក្នុងមួយថ្ងៃ
អាចកាត់បន្ថយគ្រោះជួបជំងឺទឹកនោមផ្អែម បាន២៨%
បើប្រៀបទៅនឹងអ្នកដែលទទួលទានតិចជាងពីរពែងក្នុងមួយថ្ងៃ។
ការទទួលទានកាហ្វេ អាចជាជំនួយ នៅពេលយូរទៅៗ
ក្នុងការកាត់បន្ថយគ្រោះកើតជំងឺមហារីកស្បូន។
បួនពែងក្នុងមួយថ្ងៃកាត់បន្ថយគ្រោះថ្នាក់បាន២៥%
ពីរទៅបីពែងក្នុងមួយថ្ងៃកាត់បន្ថយបាន៧%។
ជាចុងក្រោយសម្រាប់បុរស ពិសារកាហ្វេជាប្រចាំ
អាចកាត់បន្ថយគ្រោះថ្នាក់ស្លាប់បណ្តាលមកពី ជំងឺមហារីកពងស្វាស
បាន២០% គិតក្នុងបរិមាណ៦ពែងក្នុងមួយថ្ងៃ។
និងកាត់បន្ថយគ្រោះមរណៈបណ្តាលមកពី ជំងឺសរសៃឈាមបេះដូង ជំងឺបេះដូង
និងជំងឺផ្លូវដង្ហើម និងជំងឺបង្ករោគ
ឱ្យទាបជាងអ្នកមិនបរិភោគកាហ្វេសោះ។
សូមបញ្ជាក់ថា ការទទួលកាហ្វេនេះ រាប់ទាំងកាហ្វេ ដែលគេដកសារធាតុកាហ្វេអ៊ីនចេញ បរិភោគដោយគ្មានជាតិស្ករ និងបារីកំដ។
ចុះគ្រោះថ្នាក់និងផលប៉ះពាល់របស់កាហ្វេវិញ ?!
កាហ្វេមានឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពដំណេក
ព្រោះសារធាតុកាហ្វេអ៊ីន ផ្តល់កម្លាំងសរសែវិញ្ញាណឱ្យកំរើក
ឱ្យមានសកម្មភាព និងដូចជាទៅដាស់សរសៃប្រសាទបញ្ចេញអ័រមូនដំណេក
និងទប់ស្កាត់មិនឱ្យខួរក្បាលសំរាក។
ហេតុដូច្នេះហើយបានជាកាហ្វេអាចជួយមិនឱ្យងងុយដេក
និងទៅជួយដាស់សតិឱ្យកាន់តែមានភាពប្រុងប្រយ័ត្ន
និងកាន់តែមានរ៉េផ្លិច។ ឥទ្ធិពលនេះអាចមានអំណាចដល់ទៅ៦ម៉ោង។
ដូច្នេះបើពិសារពេលល្ងាចអាចរំខានដល់ដំណេក
ប៉ុន្តែសម្រាប់បុគ្គលខ្លះ
ដោយសារការទទួលទានញយៗក្លាយជាទម្លាប់ទៅ
លែងមានឥទ្ធពលប៉ះពាល់លើការគេងទៅវិញ បន្តិចម្តងៗ
ឬបាត់ទាំងស្រុងផងក៏មាន៕