Friday, September 20, 2013

យល់ដឹង​អំពី​កំណើត​កូនភ្លោះ

នាទីសុខភាពនិងអនាម័យ
 
ពុធ 05 ធ្នូ 2012
យល់ដឹង​អំពី​កំណើត​កូនភ្លោះ
បងប្អូន​ភ្លោះ​អ្នក​ចម្រៀង​ជនជាតិ​អូស្រ្តាលី The  Veronicas
បងប្អូន​ភ្លោះ​អ្នក​ចម្រៀង​ជនជាតិ​អូស្រ្តាលី The Veronicas
© wikipedia
ដោយ អៀង សុខម៉ិញ
នៅ​ថ្ងៃ​នេះ កម្មវិធី​សុខភាព​របស់​វិទ្យុ​បារាំង​អន្តរជាតិ សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​ឱ្យ​បាន​ស្គាល់​ជីវិត​កូន​ភ្លោះ តាម​បែប​វិទ្យាសាស្ត្រ។ តើ​ហេតុ​ដូចម្តេច​បាន​ជា​មានកូន​ភ្លោះ​ ? នៅ​ក្នុងពោះ​ម្តាយ​តែ​មួយ​ក្នុង​ពេល​ជាមួយ​គ្នា តែ​មិន​ដូច​គ្នា​សោះ ? ភ្លោះ ​ហើយ ដូច​គ្នា​បេះបិទ ស៊ីមេត្រីគ្នា ដូច​ឆ្លុះ​កញ្ចក់ ? កូន​ភ្លោះ​មែន​តែ​មាន​ឪពុក​ខុស​គ្នា​ តើ​អាច​ទៅ​រួច​ដែរ​ឬទេ ? បងប្អូន​ភ្លោះ​មាន​ភាសានិង​ញាណ​ ពិសេស​ សំរាប់​ទាក់ទង​គ្នា មែន​ឬ​យ៉ាង​ណា?
“​កូន​ភ្លោះ​ពិត ហៅ​តាម​បែប​បច្ចេកទេស​ថា Monogygote។ ពោល​គឺ​ ​អំប្រ៊ីយុង​កូន កកើត​ឡើង​ដោយ​ការ​បូក​បញ្ចូល​គ្នា​រវាង​ អូវូស៊ីត​ម្តាយ​មួយ និង​ស្ពែមាតូស្សូអ៊ីតឪពុក​មួយ​។ អំប្រ៊ីយ៉ុង​កូន​នេះ ​មាន​ហ្សែន​ដូច​គ្នា​ទាំង​អស់នេះ ក្រោយ​មកទើប​បែក​ជាពីរ ទៅ​ជា​ជាលិកា​ពីរ គឺ​កូន​ភ្លោះ​នេះ​ឯង។ នេះ​ជា​ការ​ពរ​ពោះ​ដែល​មាន​កូន​ភ្លោះ​ធម្មតាពិតៗ។ នៅ​មាន​ការ​ពរពោះ​មួយ​បែប​ទៀត ដែល​គេ​ហៅ​ថា ​Dizygote​ ឬ​កូន​​ភ្លោះ​មិន​ពិត។ ទារក​នៅ​ក្នុង​ពោះ​ម្តាយ​តែ​ម្នាក់​មែន ប៉ុន្តែ​អំប្រ៊ីយុង​កើត​ឡើង​ដោយ​ មេជីវិត​ពី​រ​ផ្សេង​គ្នា។ ពោល​គឺ​ ​ស្ពែម៉ាតូស្ហូអ៊ីត​ពីរ​ ទៅ​ជួប​បង្ក​កំណើត​ជាមួយ​នឹង​អូវូស៊ីត​ពីរ ក្លាយ​ជា​អំប្រ៊ីយ៉ុង​កូន​ពីរ។ អំប្រ៊ីយុង​កូន​នីមួយៗ​នោះ លូត​លាស់​រៀង​​ខ្លួនៗ ទន្ទឹម​គ្នា​ក្នុង​ពោះ​ម្តាយតែ​មួយ​ រហូត​​ដល់​ពេល​កើត។ នេះ​ហើយ​ដែល​ហៅ​ថា​ កូន​ភ្លោះ​មិន​ពិត។”

និយាយ​ដោយ​ខ្លី កូន​ភ្លោះ​ពិត ជា​កូន​ដែល​កកើត​ពី​ពង​តែ​មួយ មានទំហំ​​ហ្សែន​ដូច​គ្នា​ទាំង​អស់​ មាន​ភេទ​ដូច​គ្នា និង​មាន​រូប​រាង​ដូច​គ្នា​បេះបិទ។ ផ្ទុយ​ទៅ​វិញ កូន​ភ្លោះ​មិន​ពិត មាន​កំណើត​មក​ពី​ពង​ពីរ​ផ្សេង​គ្នា​ និង​​​ហ្សែន​ក៏​មាន​លក្ខណៈ​ខុស​គ្នា អាច​មាន​ភេទ​ផ្ទុយ​គ្នា និង​ ​មិន​ប្រាកដ​ថា​ដូច​គ្នា​ទាំង​ស្រុងទេ រូបរាង​មុខ​មាត់​អាច​ដូច​គ្នា ខ្លាំង មធ្យម ឬ​តិច​តួច ដូច​ជា​បងប្អូន​បង្កើត​ដទៃ​ទៀត​ដែរ។ ដូច្នេះ​បើ​ក្នុង​ករណី​មាន​ឪពុក​ស្បែក​ខ្មៅ ម្តាយ​ស្បែក​ស នោះ​កូន​ភ្លោះ​មិន​ពិត អាច​មាន​ម្នាក់​ស​ដូច​ម្តាយ និង​ម្នាក់​ទៀត​ខ្មៅ​ដូច​ឪពុក។ វា​ជា​ករណី​កម្រ​ណាស់​។ គេ​សង្កេត​ឃើញ​កូន​ភ្លោះ​បែក​ចែក​សម្បុរ​ដាច់​ពី​គ្នា​ស្រឡះ​អ៊ីចឹង​ មាន​តែ​មួយ​ករណី​លើ​១ពាន់​លាន​ករណី​ប៉ុណ្ណោះ។
 

​ឥលូវ​នាង​ខ្ញុំ​សូម​ជម្រាប​ជូន​ពី​អ្វី​ដែលអស្ចារ​មែន​ទែន រក​កល​​​ជឿ​មិនបាន​​សោះ​តែ​ម្តងនោះ គឺ​កូន​ភ្លោះ​មាន​ឪពុក​ពីរ​នាក់​ផ្សេងគ្នា ! តើ​គេ​អាច​ពន្យល់​ហេតុ​ការណ៍​នេះ​បាន​យ៉ាង​ដូចម្តេច ? ស្ត្រី​មាន​ប្តី​ពីរ​រួម​គ្នា​ឬ​យ៉ាង​ណា ?
ករណី​ភ្លោះ​បែប​នេះ មក​ពី​ស្ត្រី​មាន​ប្រុស​ស្នេហ៍​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ​ឬ ? មិន​គួរ​ឱ្យ​ជឿ​មែន និង​ស្តាប់​ទៅ​ហាក់​ដូច​​ជា​ អសីលធម៌​ផង​ សម្រាប់​ប្រពៃណី​វប្បធម៌​ប្រទេស​ខ្លះ ក៏​ប៉ុន្តែ បើ​តាម​បែប​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ គឺ​ជា​​ករណី​ មហា​បង្ក​កំណើត របស់មនុស្ស។

 “ស្ពែម៉ាតូស្ហូអ៊ីត គឺ​ជា​កោសិកា​មួយ​ដែល​មាន​អាយុ​វែង​ -វែង​​ដល់​ទៅបី​​បួន​ថ្ងៃ​ឯណោះ។ ដូច្នេះ​វា​អាច​ទៅ​រួច​ ដែលថា​ស្ត្រី ​រួម​ដំណេក​ជាមួយ​នឹង​បុរស​ទី​មួយ នៅ​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ​គេង​ជាមួយ​បុរស​ម្នាក់​ទៀត ហើយ​បើ​នៅ​ថ្ងៃ​ពុធ​នេះ​ អូវុល​របស់​គាត់​ដល់​គម្រប់​អាយុ​អាច​បង្ក​កំណើត​បាន​ អូវូស៊ីត​ -មេជីវិត​ញី​ បើក​ទ្វារ​ទទួល​​​ស្ពែម៉ាតូស្សូអ៊ីត -មេជីវិត​ឈ្មោល នោះ​វា​អាច​មាន​ស្ពែមាតូស្សូអ៊ីត​បុរស​ទី​មួយ​ កាលពី​ថ្ងៃ​ចន្ទ ដែល​នៅ​រស់​នៅ​ឡើយផង និង​ស្ពែមាតូស្សូអ៊ីត​​បុរស​ទី​ពីរ​ផង។ ដូច្នេះ​នឹង​មាន​ការ​បង្ក​កំណើ​ត​ពីរ​​ អំប្រ៊ីយុង​ពីរ ដែល​គេ​ហៅ​ថា ភ្លោះ​ច្រើន​ grossesse gémellaire។​ ក្នុង​ករណីបែប​នេះ ​កូន​នោះ​មែន​ភ្លោះ​ ប៉ុន្តែ​មាន​ឪពុក​ពីរ​ផ្សេង​គ្នា ប្រសិន​បើ​គេ​វិភាគ​លើ​អាដេអិន ។”


កូន​ភ្លោះ​ប្រភេទ​នេះ​ មិន​មែន​កម្រ ដូច​ជា​ការ​គិត​ស្មាន​ឡើយ​ នៅ​សហរដ្ឋ​​អាមេរិក អ្នក​ឯកទេស​ប៉ាន់​ប្រមាណ​ថា​ ក្នុងចំណោម​​កូន​ភ្លោះ​មិន​ពិត​៤០០ មាន​មួយ​ ជា​កូន​ភ្លោះ​មាន​ម្តាយ​តែ​ម្នាក់ តែ​មាន​ឪពុក​ផ្សេង​គ្នា។ អ៊ីចឹង​ដុក​ទ័រ​ គេ​នៅ​តែ​ហៅ​ថា​កូនភ្លោះ​ដែរ​ឬ យ៉ាង​ណា?
ជា​កូន​ភ្លោះ​មែន ​ តែ​គ្មាន​ចង្កោម​ហ្សេនេទិច​ដូច​គ្នា​ទេ ព្រោះ​ឪពុក​​ខុស​គ្នា​។ គេ​មិនមែន​ជា​កូនភ្លោះ​ពិត​ទេ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​គេ​ហៅ​ថា ​កូន​ភ្លោះ ដដែល​ ព្រោះ​គឺ​គេចេញពី​ផ្ទៃ​​ម្តាយ​តែ​ម្នាក់ និង​កើត​ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា។

ឥលូវ​យើង​សូម​ចាប់​អារម្មណ៍ នឹង​ការ​បង្ក​កំណើត​កូន​ (ដោយ​ជំនួយ​វេជ្ជសាស្ត្រ) បង្ក​កំណើត​នៅ​ក្រៅ​ផ្ទៃ​ម្តាយ​ម្តង។ ក្នុង​ករណី​នេះ កូន​​មាន​ឪពុក​ម្តាយ​តែ​មួយ​ បង្ក​កំណើត​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​កើត​មុន​ក្រោយ​គ្នា​ជា​ច្រើន​ឆ្នាំ។ តើ​អាច​ទៅ​រួច​ដែរ​ឬទ ? វេជ្ជសាស្ត្រ​បច្ចុប្បន្ន​អាច​ធ្វើ​បាន និង​មាន​ធ្វើ​រួច​មក​ហើយ។ ឧទាហរណ៍​ជាក់​ស្តែង តារា​ចម្រៀង​ដ៏​ល្បីល្បាញ​ Céline Dion គាត់​បាន​ពឹង​ពាក់​វេជ្ជសាស្ត្រ​ឱ្យ​ជួយ​បង្ក​កំណើតកូន រហូត​បាន​​កូន​បី​នាក់។ តាម​ពិត​កូន​ទាំង​បី​នាក់​នោះ ត្រូវ​បាន​បង្ក​​កំ​ណើត​ក្នុង​ពេល​ជា​មួយ (គ្រូពេទ្យ​បូម​យក​មេជីវិត​អូវុល​ពី​ម្តាយ​ និង​ស្ពែមាតូហ្សូអ៊ីត​ពី​ឪពុក​ ឱ្យ​មក​បង្ក​កំណើត នៅ​ពេល​ក្លាយ​ជា​អំប្រ៊ីយ៉ុងកូនហើយ​ ខ្លះ​​​ចាក់​បញ្ជូល​ទៅក្នុង​ពោះ​ម្តាយ ខ្លះ​ទុក​ឱ្យ​កកសិន ចាំ​ចាក់​បញ្ចូល​ក្នុង​ស្បូន​ស្ត្រី​ជា​ម្តាយ​នៅ​ពេល​ក្រោយ)៖ អ្នក​ស្រី​ សេឡីន ឌីយ៉ុង ​ពរ​ពោះ​កើត​​កូន​ទី​មួយ​ ៨​ឆ្នាំ​មុន​ការ​ពរ​ពោះ​ជា​លើក​ទីពីរ ដែល​ជា​កូន​ភ្លោះ។ តើ​​គួរ​ឱ្យ​ស្ងើច​ទេ ?
​នៅ​ពេល​កូន​កើត​មក​ចេញ​ជា​រូប​រាងមនុស្ស​ត្រឹម​ត្រូវ​ គេ​មិនបាន​ហៅ​កូន​ទាំង​បី​នោះ​ថា​ជា​កូន​ភ្លោះ​បី​ទេ ទោះ​បី​ជា​ពេល​បង្ក​កំណើត​ក្នុង​ពេល​តែ​មួយ​ក៏​ដោយ។

ជា​ទូទៅ​ឱ្យ​តែ​និយាយ​អំពី​កូន​ភ្លោះ គឺ​គេគិត​ដល់​ភ្លាម​ពីភាព​ដូច​គ្នា​បេះ​បិទ ប៉ុន្តែ​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​​បង​ប្អូន​ភ្លោះ ក៏​មាន​ភាព​​ខុស​គ្នា​ច្រើន​ដូច​ជា​បងប្អូន​បង្កើត​​ផ្សេងៗ​ទៀត​ដែរ។ កូន​ភ្លោះ​ខ្លះ​ដូច​គ្នា​ខ្លាំង ខ្លាំង​មែន​ទែន​រហូត​ដូច​គេ​ឆ្លុះ​កញ្ចក់ ដូច​ទាំងមុខ​មាត់ ទាំង​កាយ​វិការ​។ ទាំង​នេះ​គឺ​ផ្តល់​ដោយ​​ធម្មជាតិ ពី​កំណើត​ក្នុង​ពោះ​ម្តាយ​មាន​ហ្សែន​នោះ​មក​ជា​មួយ។ ប៉ុន្តែ​ទោះ​ដូច​គ្នា​ក្តី មិន​ដូច​គ្នា​ក្តី គេ​តែង​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​កូន​ភ្លោះ​ពីរ​នាក់​ តែង​មាន​ម្នាក់​ខ្លាំង​ជាង​ម្នាក់។ តើ​​ត្រង់​ចំណុច​នេះ វេជ្ជសាស្ត្រ​ពន្យល់​យ៉ាង​ដូច​ម្តេចដែរ ?!

“ទំនាក់ទំនង​ ម្នាក់​ខ្លាំង ម្នាក់​ខ្សោយ ម្នាក់​​ជា​អ្នក​ត្រួតត្រា​ ម្នាក់​​ចាំ​រង​ របស់​កូន​ភ្លោះ វា​កើត​ឡើង​តាំង​ពី​នៅ​ក្នុង​ពោះម្តាយ​ម្ល៉េះ​ ! ព្រោះ​ពេល​នៅ​ក្នុង​ពោះ​នោះ មាន​កូន​មួយ ស្ថិត​នៅ​ចំហៀង​ខាង​លើ មួយ​ទៀត​នៅ​ចំហៀង​រាង​ចុះ​ក្រោម​បន្តិច។ មួយ​អាច​ស្រូប​ជាតិ​ផ្លាសង់តា​ច្រើន​ជាង​មួយ ជា​ហេតុធ្វើឱ្យ​មាន​ភាព​ខុស​គ្នា​ជា​ប្រាកដ គឺ​​កូន​មួយ​អាច​​មាន​ទំហំ​ មាន​មាឌ​ធំ​ ឬ​កម្លាំង​ខ្លាំង ជាង​កូន​មួយ​ទៀត បន្ត​រហូត​ដល់​ពេល​កើត និង​ដល់​ធំ។”
ក្រៅ​ពី​មាន​ការ​វិវឌ្ឍន៍​សមត្ថភាព​​បែង​ចែក​ភាព​ខុស​គ្នា​យឺត​ជាង​កូន​ ធម្មតា កូន​ភ្លោះ​អាច​មាន​សមត្ថភាព ពិសេស​ ខាង​ផ្នែកភាសា គឺ​គេ​មាន​ភាសា​សម្រាប់​និយាយ ទាក់ទង​គ្នា​ ​យល់​គ្នា​រវាង​តែ​បង​ប្អូន​ភ្លោះ​របស់​គេ ម្តាយ​ឪពុក​មិនយល់​ទេ តែ​គ្មាន​​​ន័យ​ត​គ្នា​វែង​ឆ្ងាយអ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ​វា​អាច​ពន្យឺត​ពេលវេលា​នៃ​ការ​ចេះ​និយាយ​។

“ជា​សរុប​ កូន​ភ្លោះ​ក្រ​ចេះ​និយាយ​ជាង​កូន​កើត​មក​តែ​ម្នាក់ឯង​​ ដល់​ទៅ​៦​ខែ។ អ្នក​ឯកទេស​ចិត្តសាស្ត្រ​ពន្យល់​ថា​ មកពី​កូន​ភ្លោះ​មិន​សូវ​ប្រញាប់ រួស​រាន់​ ចង់​មាន​ទំនាក់ទំនងជា​មួយ​ពិភពខាង​ក្រៅ​ ជាមួយ​ម្តាយ​ ព្រោះ​គេ​យល់​គ្នា​គេ​ទៅ​ហើយ"៕

ពាក្យគន្លឹះ : សុខភាព

No comments:

Post a Comment