Friday, September 20, 2013

“ឡើងឈាម” ប្រធានបទ​នៃទិវា​សុខភាព​ពិភពលោកឆ្នាំ​២០១៣

នាទីសុខភាពនិងអនាម័យ
 
ពុធ 03 មេសា 2013
“ឡើងឈាម” ប្រធានបទ​នៃទិវា​សុខភាព​ពិភពលោកឆ្នាំ​២០១៣
ប្រដាប់​វាស់​សម្ពាធ​ឈាម
ប្រដាប់​វាស់​សម្ពាធ​ឈាម
Steven Fruitsmaak / Wikicommons
ដោយ អៀង សុខម៉ិញ
នៅ​ក្នុង​នាទី​សុខភាព​របស់​វិទ្យុបារាំង​អន្តរជាតិ សប្តាហ៍​នេះ អៀង សុខម៉ិញ សូ​មជម្រាប​ជូន​លោក​អ្នក​នាង​អំពី​ជំងឺ​លើស​ឈាម។ “លើស​ឈាម” ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ជ្រើស​រើស​មក​ធ្វើ​ជា​ប្រធានបទ​ទិវា​ សុខភាព​ពិភពលោកឆ្នាំ​២០១៣ នាថ្ងៃទី ៧​មេសា។​

ទិវាសុខភាព​ពិភពលោក​​ឆ្នាំ​២០១៣ ឧទ្ទិស​ទាំង​ស្រុង​ទៅ​លើ​ ជំងឺ “ឡើង​ឈាម”។
ហេតុ​អ្វី​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ជ្រើស​យក​ប្រធានបទ​នេះ ?!  កម្មវត្ថុ​នៃ​ទិវា​ពិភពលោក​​ឆ្នាំ​២០១៣ គឺ​ចង់​កាត់​បន្ថយ​ចំនួន​អ្នក​មាន​វិបត្តិ​បេះដូង និង​គ្រោះ​ដាច់​សរសៃ​ខួរ​ក្បាល។ ដូច្នេះ​បំណង​សំខាន់​បំផុត​ គឺ​ធ្វើ​យ៉ាង​ណា​ឃោសនា​មហាជន​ឱ្យ​បាន​
-          យល់​ដឹង​អំពី​ការ​គ្រោះ​បង្ក​ និង​ផល​វិបាក​នៃ​ការ​កើត​ជំងឺ​លើសឈាម
-          ទទួល​បាន​ព័ត៌មាន​​ និង​​វិធី​ចៀសវាង​កុំ​ឱ្យ​កើត​ជំងឺ​លើសឈាម
-          ណែ​នាំ​ឱ្យមនុស្ស​ពេញ​វ័យ​ឧស្សាហ៍​ទៅ​វាស់​សម្ពាធ​ឈាម
-          លើក​ទឹក​ចិត្ត​ឱ្យ​មាន​​​ការ​ប្រែ​ទម្លាប់​រស់​នៅ​​ និង​អាកប្បកិរិយា​មិន​ល្អ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​លើស​ឈាម
-          ធ្វើ​ឱ្យ​ម៉ាស៊ីន​វាស់​ឈាម​មាន​តម្លៃ​ទាប​អាចងាយ​​រក​ទិញ​បាន
-          និង​ជំរុញ​អាជ្ញាធរ​ជាតិ អាជ្ញាធរ​តំបន់​ឱ្យ​បង្កើត​​បរិស្ថាន​ល្អ ស្អាត

នៅ​ប្រទេស​បារាំង​ រោគា​ “ឡើង​ឈាម” ​បាន​ក្លាយ​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​នៃ​ការ​មកជួប​ពិគ្រោះ​ជំងឺ​ជាមួយ​នឹង​ គ្រូពេទ្យ​។ ចំណែក​នៅ​លើពិភពលោក​វិញ បើ​តាម​តួលេខ​អង្គការ​សុខភាព​ពិភពលោក ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​បី​នាក់ មាន​ម្នាក់​មាន​​រោគ​​ឡើង​ឈាម​ ប្រចាំ​កាយ​។ អត្រា​អ្នក​កើត​ជំងឺ​ឡើង​ឈាម​នេះ មាន​សមមាត្រ​ជាមួយ​នឹង​អាយុ ៖ ចន្លោះ​ពី​អាយុ​២០​ទៅ​៣៩ឆ្នាំ មាន​អ្នក​កើត​ជំងឺ​លើសឈាម ១០% ហើយ​អត្រា​នេះ​ឡើង​ដល់​ទៅ​៥០%​សម្រាប់​មនុស្ស​ក្នុង​វ័យ​ពី​៥០​ ទៅ​៥៩​ឆ្នាំ។ ប្រេវ៉ាឡង់​ឡើង​កាន់​ខ្ពស់​ខ្លាំង​នៅតាម​បណ្តា​ប្រទេស​​ ក្នុង​ទ្វីប​អាហ្វ្រិក ប្រទេស​ដែល​សុទ្ធ​តែ​មាន​កំរិត​ជីវភាព​រស់​នៅ​ទាប។

គ្រោះ​ថ្នាក់ និង​ផល​​វិបាក
 
ប្រសិន​បើ​យើង​មិន​ព្យាបាល ត្រឹម​ត្រូវ​ទេ “​ឡើង​ឈាម” នឹង​ធ្វើ​ឱ្យ​ខូច​សរសៃ​ឈាម​ក្រហម។ អាទែ​ខួរ​ក្បាល បើ​ស្ទះ ឬ​ដាច់​សរសៃ​ឈាម​ នោះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ឈាម​កកក្នុង​ខួរក្បាល ដែល​ជាគ្រោះ​ថ្នាក់​ដ៏​កាច​សាហាវ​និង​ធ្ងន់ធ្ងរ​ អាច​ធ្វើ​ឱ្យ​ស្លាប់ភ្លាម​ ឬ​ពិការ​អស់​មួយ​ជីវិត ! គ្រោះ​ថ្នាក់ទីពីរ គឺ​ការ​ខ្សោយ​តម្រង​នោម​ (ឈឺ​លើស​ឈាម​យូរៗ​ទៅ ១០​ឆ្នាំ​ឡើង​ទៅ​ អ្នក​ជំងឺ​អាច​ស្លាប់​ដោយ​ហេតុ​តម្រង​នោម​ខ្សោយ)។ ​ជំងឺ​ឡើង​ឈាម​នឹង​​បង្ក​ឱ្យមាន​ផល​វិបាក​ជាច្រើនផ្សេង​ទៀត​ដូច​ជា​ងងឹត​ ភ្នែក មាន​សម្ពាធនៅ អវៈយវៈ​ជើង ជាពិសេស​គាំង​​សង្វាក់​បេះដូង​ ឬ​ខ្សោយ​បេះដូង​ ឬ​ស្លោក​បេះដូង​តែ​ម្តង។ ​ផលវិបាក​​រឹត​តែ​ធ្ងន់ធ្ងរ​ទៀត​ប្រសិន​បើ​អ្នក​ជំងឺ​​ស្ថិត​នៅ​ក្នុង​ក្រុម ​មនុស្ស​មាន​គ្រោះ​កើត​ជំងឺ​សរសៃឈាម​បេះដូង ដូច​យ៉ាង​ជំងឺ​ទឹក​នោ​ម​ផ្អែម”។

វិធានការ​ទប់​ស្កាត់​ជំងឺ​លើសឈាម
 
ផលវិបាក​ធ្ងន់ធ្ងរ -អ្នក​កើត​មាន​​​ច្រើនឡើង​ជា​និច្ច  ប៉ុន្តែ​​តាមពិត​ទៅ​នោះ គេ​អាច​ចៀសវាង​ និង​ព្យាបាលបាន​ជំងឺ​ឡើងឈាម​។ នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ខ្លះ ការ​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ និង​ព្យាបាលជំងឺ​ឡើង​ឈាម និង​កត្តា​នាំ​គ្រោះ​ថ្នាក់​ដល់​សរសៃឈាម​ បាន​ជួយ​កាត់​បន្ថយ​អត្រា​មរណៈ​ព្រោះ​ជំងឺ​បេះដូង​បាន​ច្រើន។ ហើយ​គេ​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ឡើង​ឈាម បាន​ដោយ​គោរព​តាម​ដំណោះស្រាយ​ខាង​ក្រោម​នេះ
-          កាត់​បន្ថយ​ការ​បរិភោគ​ ជាតិ​ប្រៃ (អំបិល ...)
-          ឈប់​ជក់​បារី
-          ចៀសឱ្យ​បាន​ការ​ពិសារ​សុរា
-          ធ្វើ​លំហាត់​ប្រាណ
-          បរិភោគ​អាហារ​មាន​លំនឹង
-          រក្សា​​ទម្ងន់​កុំ​ឱ្យឡើង

តម្រូវការ​ជាតិ​អំបិលសម្រាប់​ចិញ្ចឹម​​ខ្លួន​ប្រាណ​មនុស្ស​ មាន​កំរិត​ត្រឹម​តែ២​ក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ ចំណីអាហារ​ដ៏​ពេញនិយម​ និង​ជាទីចូល​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ មិន​ថា​គេ​ មិន​ថា​ខ្ញុំ ច្រើន​ជា​អាហារ​ប្រៃ ទាំង​អាហារ​ពេល​ព្រឹក​ ចំណី​ចំណុក​ពេល​រសៀល ដោយ​មិន​រាប់​ម្ហូប​អាហារ​ពេល​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច។ ដូច្នេះ​​ជា​ទូទៅ​ ក្នុង​​ជីវភាព​រស់​នៅ​របស់​បណ្តា​ជន​ខ្មែរ ​បរិមាណអំបិល​ប្រចាំ​ថ្ងៃ​ដែល​ជា​តម្រូវ​ការ​ប្រចាំ​​ថ្ងៃ​របស់​សរីរាង្គ​ ពិត​ជា​ហួស​ពី​ធម្មជាតិ​ឆ្ងាយ​ណាស់។ ដូច្នេះ​សួរ​ថា​តើ​ត្រូវ​វាស់​វែង​យ៉ាង​ដូចម្តេច​ទើប​អាច​ដឹង​ថា​យើង​ហូប​ សារធាតុ​ប្រៃ​ (អំបិល) គ្រប់គ្រាន់ ត្រឹមត្រូវ​ ?! សម្រាប់​ទម្លាប់​ខ្មែរ​គឺ​ងាយ​ណាស់ ចូរ​កុំ​ប្រើ​អំបិល​ផង ទឹកត្រី​ផង ទឹកស៊ីអ៊ីវផង​ និង​ប្រហុក​ទៀត​ រួម​គ្នា​ជា​គ្រឿង​ផ្សំ​​​សម្ល​។ កាត់​បន្ថយ​ការ​ប្រើ​ប៊ីចេង ឬ​ម្សៅ​ស៊ុប​ ព្រោះ​វា​មាន​បង្កប់​​សារធាតុ​អំបិល​ដ៏​ច្រើន​លើស​លុប តែ​រស​ជាតិ​ប្រៃនេះ មិន​ស្តែង​ឱ្យ​​ដឹង​បាន​ពេល​ទទួល​ទានទេ ទាល់​តែ​រួច​ទើប​អ្នក​ខ្លះ​មាន​អាការៈ​ខះ​ក​តែ​ម្តង។

ចុះ​ពាក្យ​ថា​បរិភោគ​អាហារ​ឱ្យ​មាន​លំនឹង មាន​ន័យ​យ៉ាង​ដូចម្តេច​ទៅ ? គឺ​កុំ​ប្រើ​ខ្លាញ់​ ប្រើ​បឺរ​ច្រើន​ក្នុង​ម្ហូប​អាហារ កាត់​បន្ថយ​ការ​បរិភោគ​សាច់​គោ សាច់​ជ្រូក សាច់​ក្រក សាខច់​ផ្អាប់​ប្រលាក់​ មាន​ជាតិ​ប្រៃ​ច្រើន ហើយ​ជ្រើស​រើស​ការ​បរិភោគ​ត្រី ឱ្យ​បាន​យ៉ាង​ហោច​បី​ដង​ក្នុង​សប្តាហ៍​។ ត្រីខ្លះ​ក៏​មានខ្លាញ់​ច្រើន​ដែរ ប៉ុន្តែ​ជា​ខ្លាញ់​ល្អ មាន​សារជាតិ​ អូមេហ្កា​៣​ មិន​បង្ក​ឱ្យ​មាន​រោគ​ខ្លាញ់​ក្នុង​ឈាម។

ធ្វើ​សកម្មភាព​កីឡា នេះ​ជា​ពាក្យ​ដដែលៗ​​ដែល​អ្នក​ឯកទេស​សុខាភិបាល​ចង់​និយាយ​ហើយ​និយាយ​ទៀត ថា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សំរាប់​សុខភាពជា​ទូទៅ និង​សំរាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​លើស​ឈាម។ ដើម្បី​អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​លើស​ឈាម​ និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ទាំង​ឡាយ​ ឱ្យ​ធ្លាក់​ដល់​កំរិត​ទាប​បំផុត ត្រូវ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ ធ្វើ​កីឡា​​ឱ្យ​បាន​ជា​មធ្យម​ពី​ ៣០​ ទៅ​៦០នាទី​ បួន​ដង​ក្នុង​មួយ​សប្តាហ៍។ ៣០​ទៅ​៦០​នាទី​អាច​ថា​ច្រើន ប៉ុន្តែ​បើ​យើង​ទម្លាប់​ធ្វើ​បន្តិច​ម្តង​ ដោយ​សាកល្បង​ឡើង​ជណ្តើរ ដើរ​ ឬ​រត់​ ហើយ​បង្កើន​ចម្ងាយ​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ទៅ​ហែល​ទឹក​ ពេល​ថ្ងៃ​ឈប់​សំរាក នោះ​ជា​ការ​ប្រសើរ​បំផុត។

ជំងឺ​លើស​ឈាម​ ភាគ​ច្រើន​គ្មាន​មូល​ហេតុ​ទេ ភាព​ចាស់​ជរា​ ដែល​យើង​មិន​អាច​​ទប់​ស្កាត់បាន មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​នឹង​ការ​ឡើង​ឈាម​នេះ! ប៉ុន្តែ​អ្វី​ដែល​គេ​ទប់​ស្កាត់ និង​មិន​ប៉ះពាល់​បាន​ គឺ​ថ្នាំ​ជក់ បារី ! ​ ដូច្នេះ​សូមកុំ​ជក់ ! សូម​ឈប់ជក់ ! បារី​ជា​សត្រូវ​ខ្លាំង​ចម្បង​ខាង​បំផ្លាញ​​សុខភាព។ ថ្វីដ្បិត​តែ​អ្នក​​ចូល​ចិត្ត​សុរា​ តែ​អួត​អាង​ថា​ផឹកស្រា​មួយ​ពែង​ ​ក្នុង​មួយថ្ងៃ​អាច​ជួយ​កម្តៅ​សរសៃ​សសូង ប៉ុន្តែ​សូម​រក្សា​ឱ្យ​ត្រឹម​តែ​មួយ​ពែង ព្រោះ​សូម​ប្រុង​ប្រយ័ត្ន​និង​ចង​ចាំ​ថា នៅ​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​ជំងឺ​ដ៏​វែង​ដែល​បង្ក​ឡើង​ដោយសុរា​ ​ក៏​មាន​ជំងឺ​លើស​ឈាមមួយ​ក្នុង​នោះ​ដែរ។

ជា​ចុង​ក្រោយ​ចាប់ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ ទោះ​បី​ជា​គ្មាន​ជំងឺ​អ្វី​មក​បៀត​បៀន​​ សុខភាព​មាំទាំ​ល្អ​ក៏​ដោយ ក៏​ត្រូវ​តែ​ឧស្សាហ៍​ទៅ​វាស់ស​ម្ពាធ​ឈាម​ឱ្យ​បាន​រៀង​រាល់​៦​ខែ​ម្តង ឬ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ឆ្នាំ​ឱ្យ​បាន​ម្តង​ដែរ៕


ពាក្យគន្លឹះ : សុខភាព

No comments:

Post a Comment