Friday, September 20, 2013

ធាត់ជ្រុល​ជា​ជំងឺ​អ្វី​ ?

សុខភាព

ធាត់ជ្រុល​ជា​ជំងឺ​អ្វី​ ?

ដោយ អៀង សុខម៉ិញ
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 28/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  28/12/2009 10:48 ម៉ោងសកល
ធាត់ជ្រុល ធាត់​ឡើង​ចុក​ខ្លាញ់​ជា​ជំងឺ​មួយ។ ចំនួន​មនុស្ស​កើត​ជំងឺ​នេះ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​គួរ​ឱ្យ​ព្រួយ​បារម្ភ ជាពិសេស​កុមារ នា​ទសវត្ស​ចុង​ក្រោយ​នេះ។ ការពារ​ជំងឺធាត់​ជ្រុល តាំងពីនៅ​វ័យ​កុមារភាព ជា​កត្តា​ចាំបាច់​បំផុត​ក្នុង​ការបញ្ចៀស កុំ​ឱ្យ​មាន​ជំងឺ​ធាត់​ចុក​ខ្លាញ់ និង ជំងឺ​ផ្សេងៗ ទៀត។ តើ​ត្រូវ​ការពារ​យ៉ាង​ដូចម្តេច ? អ្វី​ជា​បុព្វហេតុ នាំឱ្យមាន ការ​ឡើង​ទម្ងន់​ជ្រុល​បែប​នេះ ? សូម​ស្តាប់​អញ្ជើញ អៀងសុខម៉ិញ ប្រែសម្រួល ប្រសាសន៍​របស់​លោកស្រី វេជ្ជបណ្ឌិត Patricia Lubensky ។
សូម​ចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

បទ​អត្ថាធិប្បាយ​របស់ អៀង សុខម៉ិញ

28/12/2009
ធាត់​ជ្រុល​ឡើង​ចុក​ខ្លាញ់​ជា​ជំងឺ​មួយ​ដែល​យើង​អាច​ការពារ​បាន(រូបថត : Reuters)
ធាត់​ជ្រុល​ឡើង​ចុក​ខ្លាញ់​ជា​ជំងឺ​មួយ​ដែល​យើង​អាច​ការពារ​បាន
(រូបថត : Reuters)
ចំនួន ​កុមារ​កើត​ជំងឺ ធាត់​ចុក​ខ្លាញ់ មិន​ថា​កុមារា ឬ កុមារី​ទេ​ បាន​កើន​ឡើង​ទ្វេ​ដង។ ក្នុង​ពេល​កំពុង​មាន​ជំងឺ កុមារ​ឡើង​ទម្ងន់​ហួស​កំរិត ភាគ​រយ​នៃ​ការ​កើន​ឡើង មាន​ដល់​ទៅ ៩២ ភាគ​រយ ចំពោះ​កុមារា និង ៥២% សំរាប់​កុមារី។ កុមារ​ដែល​មាន​ជំងឺ​ធាត់​ចុក​ខ្លាញ់​តាំងពី​តូច នឹង​មាន​អនាគត​ជា យុវវ័យ​ធាត់​ចុក​ខ្លាញ់ ឬ ជា​មនុស្ស ចាស់ ធាត់​ចុក​ខ្លាញ់ ហើយ​ត្រូវ​រស់​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង ជំងឺ​លើស​ឈាម ជំងឺ​សសៃ​ឈាម​ខួរក្បាល និង ការ​រលាក​រ៉ាំរ៉ៃ​ជាច្រើន​ទៀត។
តើ ​កុមារ​ប្រភេទ​ណា​ជា​អ្នក​រងគ្រោះ​នឹង​ជំងឺ​ធាត់​ចុក​ខ្លាញ់​នេះ។ ពុំ​មាន​ការ​បែង​ចែក​ឡើយ កុមារ​គ្រប់​ស្រទាប់​វណ្ណៈ ក្រ ឬ មាន សុទ្ធ​តែ​អាច​កើត​ជំងឺ​នេះ​បាន​ទាំង​អស់ ឱ្យ​តែ​បរិភោគ​ច្រើន​ឥត​ឈប់ និង មិន​សូវ​បញ្ចេញ​កម្លាំង​ថាមពល។ បើ​មាន​គ្រួសារ​បងប្អូន មាតាបិតា ជីដូនជីតា មាន​ជំងឺ​ធាត់​ស្រាប់​ទៀត​នោះ កុមារ​កើត​ជំនាន់​ក្រោយ រឹត​តែ​ងាយ​ធាត់​ចុក​ខ្លាញ់​ណាស់។
កុមារ​ទាំងអស់​សុទ្ធ​តែ​អាច​មាន​ គ្រោះ​កើត​ជំងឺ​ធាត់​ចុក​ខ្លាញ់​មិន​ថា កុមារ​ទាំងនោះ ស្ថិត​នៅក្នុង​ស្រទាប់​ណា​នៃ​សង្គម​ទេ។ តែ​សូម​បញ្ជាក់​ថា​ជំងឺ​ធាត់​ចុក​ខ្លាញ់​នេះ រឹតតែ​ងាយ​កើត បើ​មាន​ម្តាយ ឬ ឪពុក​មាន​ជំងឺ​នេះ​ស្រាប់។ ជា​ឧទាហរណ៍​ជាក់ស្តែង បើ​មាន​ម្តាយ ឬ ឪពុក​តែ​ម្នាក់ នោះ​គ្រោះ​ងាយ​កើត​ជំងឺ​នេះ មាន​ច្រើន​ជាង​ជន​ទូទៅ បួន​ដង តែ​បើ​ម្តាយ​ឪពុក​ទាំងពីរ​នាក់​មាន​ជំងឺ​នេះ កូនៗ​របស់​គាត់​ត្រូវ​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​ធាត់​ជ្រុល​ដល់ ៨​ដង​លើស​ជន​ធម្មតា។ យើង​អាច​និយាយ​ថា នេះជា​កត្តា​ពូជ​ក៏​បាន តែ​កត្តា​ពូជ​នេះ វា​បូក​ផ្សំ​នឹង​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​ផង និង កត្តា​បរិយាកាស​ជុំវិញ​ផង។ កង្វល់​របស់​គ្រូពេទ្យ​ឯកទេស​បច្ចុប្បន្ន​ដើម្បី​ជួយ​ឪពុក​ម្តាយ ​គឺ​ការ​រក​មូលហេតុ ដែល​នាំ​ឱ្យ ឡើង​ទម្ងន់ និង ណែនាំ​ពី​របប​អាហារ​ត្រឹមត្រូវ និង ការ​ធ្វើ​សកម្មភាព​ផ្លូវ​កាយ​សម​ស្រប។
ជំងឺ ​ធាត់​ចុក​ខ្លាញ់​ចាប់​ផ្តើម​ឡើង​ដោយ​សន្សឹមៗ កុមារ​ធាត់​ឡើងៗ ហើយ​បើ​បាន​មក ពិគ្រោះ​ជាមួយ​គ្រូពេទ្យ តាំងពី​ដំបូង​ភ្លាម​នៅ​ពេល​ដែល​កុមារ ឬ​ទារក​ផ្តើម​ឡើង​ទម្ងន់​ខុស​ពី​ធម្មតា មុន​កុមារ​មាន​អាយុ ៦ឆ្នាំ គេ​អាច​ជួយ​ធ្វើ​អន្តរាគមន៍ រក​មូលហេតុ​ដែល​បង្ក​ភាព​មិន​ធម្មតា និង​អាច​ជួយ​ការពារ​កុំ​ឱ្យ​កើត​ជំងឺ​ធាត់​ចុក​ខ្លាញ់​បាន​ទាន់។ ព្រោះ​វ័យ​កុមារ ជា​វ័យ​ដំបូង​នៃ​ការវិឌ្ឍន៍​របស់​ជំងឺ ហើយ​ក៏​ជា​ពេល​វេលា​សំខាន់​និង ប្រសើរ​បំផុត​សំរាប់​ការពារ​ជំងឺ​នេះ។ ជា​ការ​ពិត​ថា​វា​មិនមែន​ជា​ការ​ងាយស្រួល​ឡើយ ក្នុង​ការ​វាស់​ទម្ងន់​កុមារ ថា​កុមារ​ធាត់​ល្មម ឬ ធាត់​លើស​ហួស​កំរិត​ទំហំ​ខ្លួន​នោះ។ ទម្ងន់​កុមារ មិន​អាស្រ័យ​ទៅ​លើ​តែ​អាយុ​ទេ ទំហំ​ខ្លួន​កុមារ​ប្រែប្រួល​ជានិច្ច។ ទម្ងន់​ខ្លួន​តែ​ម្យ៉ាង​មិន​អនុញ្ញាត ឱ្យ​យើង​ធ្វើ​វិនិច្ឆ័យ​បានឡើយ។ ត្រូវ​តែ​គិត​បូក​ជាមួយ​កំពស់ ទើប​យក​ជា​ការ​បាន។ របៀប​គិត​វាស់​ទម្ងន់​ត្រឹមត្រូវ​ដែល​ស្រប​នឹង​ទំហំ​ខ្លួន​របស់​មនុស្ស​ ម្នាក់ៗ គឺ​ត្រូវ​យក​ទម្ងន់​ខ្លួន ចែក​នឹង​កំពស់​ដែល​លើក​ជា​ការេ។ លទ្ធផលនេះ គេ​អាច​ហៅថា ជា​ទំហំ​ម៉ាស​ខ្លួន ហើយ​ដែល យើង​អាច​ចុច​ដៅ​នៅ​ក្នុង តារាង​ក្រាហ្វិក ទំហំ​ខ្លួន​សំរាប់​ផ្ទៀងផ្ទាត់​ការវិឌ្ឍន៍​របស់​កុមារ ដើម្បី​តាម​ដាន​បាន។ ជាទូទៅ នៅ​ពេល​ទារក​មាន​អាយុ​ក្រោម​មួយ​ខួប ទំហំ​ខ្លួន ដេញ​ឡើង​ខ្ពស់​ជានិច្ច។ នេះ​ជា​ប្រការ​ធម្មតា តែ​ចាប់ពី​មួយ​ខួប​ដល់​បី​ឆ្នាំ ទំហំ​ខ្លួន​ត្រូវ​តែ ថយ​ចុះ​មក​វិញ។ នេះ​មិនមាន​ន័យ​ថា កុមារ​មិន​ឡើង​ទម្ងន់​ធំធាត់​ទេ តែ​កុមារ​កំពុង​លូត​កំពស់ និង​ធំ​រាល់​ថ្ងៃ។ ចាប់ពី​អាយុ៦ ឆ្នាំ ឡើងទៅ ទើប​ខ្សែ​ទំហំ​ខ្លួន​ចាប់ផ្តើម​ឡើង​ជា​ថ្មី​ ម្តង​ទៀត។ សូម​បញ្ជាក់​នេះ​មិនមែន​ជា​តារាង​កំពស់ និង ទម្ងន់​របស់​កុមារ ដែល​មាន​នៅ​ក្នុង​ប័ណ្ណ​តាម​ដាន​សុខភាព​កុមារ​ទេ។ (សូម​មើល​តារាង​ទំហំ)
តាម ​រយៈខ្សែ​គំនូស អាយុ​និង​ទំហំ​មាស​ខ្លួន គេ​អាច​ដឹង​បាន​ថា​តើ​កុមារ​កំពុង លូតលាស់​ត្រឹមត្រូវ ឬ ងាក​ទៅ​រក​ផ្លូវ​ឡើង​ទម្ងន់ ដែល​អាច​ក្លាយ​ជា​ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់ ទៅ​ថ្ងៃ​ក្រោយ។
ការ​ ការពារ​ដ៏​ប្រសើរ​ម្យ៉ាង​ទៀត គឺ​កុមារ​ត្រូវ​ការ​បញ្ចេញ​កំលាំង​កាយ​ជា​ចាំបាច់ ចេះ​ដើរ ត្រូវតែ​បណ្តោយ​ឱ្យ​ក្មេង​ដើរ និង​រត់​លេង។ អង្គុយ​មុខ​កញ្ចក់​ទូរទស្សន៍​ជា​សត្រូវ​ចំបង វា​នឹង​នាំ​ទៅ​រក​ការ​ឡើង​ទម្ងន់។
ចំពោះ​កុមារ​ដែល​មាន​ទម្ងន់​លើស​ ធម្មតា ឬ មាន​ជំងឺ​ធាត់​ជ្រុល​ទៅ​ហើយ ជា​ដំបូង ត្រូវតែ​ធ្វើ​តុល្យការ​ឡើង​វិញ និង វិភាគ​ឱ្យ​បាន​ដឹង​ពី​បុព្វហេតុ ដែលនាំ​មក​ដល់ ដំណាក់​កាល​ឈឺ​ជំងឺ​ធាត់​ចុក​ខ្លាញ់​នេះ វិភាគ​ឱ្យ​បាន​ដឹង​ពី​របៀប​របប​រស់​នៅ ហូប​ចុក​របស់​អ្នក​ជំងឺ និង​ដឹង​ថា​តើ​មាន​សមាជិក​ក្នុង​គ្រួសារ​កើត​ជំងឺ​នេះ​ដែរ​ឬ​អត់។ ហើយ​នៅទី​បញ្ចប់​ត្រូវ​សិក្សា​វិភាគ​ពី​ការ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ​របស់​ កុមារ​ជា​ប្រចាំ​ថ្ងៃ។ ជា​ការ​សិក្សា និង​វិភាគ​វែង​ឆ្ងាយ តែ​ជា​ទូទៅ​គេ​តែ​សង្កេត​ឃើញ​ថា កុមារ​ដែល​មាន​ជំងឺ​ធាត់​ចុក​ខ្លាញ់ ឬ កំពុង​ដើរ​លើ​ផ្លូវ​ឈាន​ទៅ​មាន​ជំងឺ​នេះ ច្រើន​ជា​កុមារ​ដែល​បរិភោគ​មិន​ឈប់​ ទំពារ​មិន​ឈប់ ឆ្ងាញ់​រហូត ហើយ​មិន​សូវ​បញ្ចេញ​កំលាំង​ទេ។ ក្នុង​ដំណាក់​នេះ ការព្យាបាល​ត្រូវ​ប្រើ​រយៈពេល​យូរ​ត្រូវ​មាន​ ការ​តាមដាន​ជាប់​ជានិច្ច ព្រោះ​ដំបូន្មាន​តែ​មាត់​មិនមាន​ប្រយោជន៍​ទេ​ពេល​នេះ។ ត្រូវ​មាន​គ្រូពេទ្យ​តាម​ជាប់ ដើម្បី​ប្តូរ​ទម្លាប់​រស់​នៅ និង ហូបចុក ធ្វើ​យ៉ាងណា​ផ្តាច់ ទម្លាប់​ទំពារ​ឥត​ឈប់​ឱ្យ​បាន។ លទ្ធផល​នឹង​បាន​ប្រសើរ បើ​មាន​ការ​សហការ​ពី គ្រួសារ​ទាំងមូល ខិត​ខំ​ប្តូរ​ទម្លាប់​ចាស់​បន្តិច​ម្តងៗ។ បន្តិច​ម្តងៗ​ណា ! មិនមែន ប្តូរ ក្រលាប់​ចាក់​ភ្លាម​ភ្លែត​ទេ។ បន្លែ និង​ផ្លែឈើ មុន​ពេល​បាយ​បន្តិច ជា​ការ​ប្រសើរ។ ព្រោះ​ពេល​ក្រោយ​បាយ​កុមារ​ច្រើន​តែ​លែង​ឃ្លាន។
ការវិវឌ្ឍន៍ ​របស់​ជំងឺ​ធាត់ជ្រុល ចុក​ខ្លាញ់ មាន​ប្រវត្តិ​ដូចគ្នា​មិន​ថា ចំពោះ​កុមារ ឬ មនុស្ស​ពេញ​វ័យ​ទេ។ បើ​មាន​ជាតិ​កាឡូរី មាន​ច្រើន​នៅ​ក្នុង​ខ្លួន​លើ​តម្រូវការ​របស់​សរីរាង្គកាយ។ បរិយាកាស​សង្គម បញ្ហា​ផ្លូវចិត្ត កត្តា​ពូជ ក៏​ដូចជា​វប្បធ៌ម​អាហារ សុទ្ធ​តែ​មាន​ឥទ្ធិពល​នាំ​ឱ្យ​ឡើង​ទម្ងន់​ដែរ។ ម្យ៉ាង​វិញ​ទៀត សង្គម​បច្ចុប្បន្ន​ជា​សង្គម ជ្រឿនលឿន សង្គម​ឧស្សាហកម្ម ដែល​បណ្តាជន​មិន​សូវ​បញ្ចេញ​កម្លាំង​ពលកម្ម ជា​ភ្នាក់ងារ​សំខាន់​មួយ​ក្នុង​ការ​ជួយ​ជម្រុញ​មនុស្ស​ឲ្យ​ធាត់។
បន្លែ​និង​ផ្លែឈើ​ជា​ចំណី​អាហារ​ដ៏​ប្រសើរ​មួយ​សំរាប់​សុខភាព(រូប​ថត ៖​ ខឹម សុវណ្ណារ៉ា/RFI)
បន្លែ​និង​ផ្លែឈើ​ជា​ចំណី​អាហារ​ដ៏​ប្រសើរ​មួយ​សំរាប់​សុខភាព
(រូប​ថត ៖​ ខឹម សុវណ្ណារ៉ា/RFI)
បើ ​និយាយ​ពី​ការ​ឡើង​ទម្ងន់ គេ​មិន​អាច​បំភ្លេច​ពី​របប​អាហារ​ទេ ព្រោះ​អាហារ​មាន​តួនាទី​សំខាន់​សំរាប់​ការ​ធំធាត់​របស់​កុមារ តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ផង​ដែរ​ ថា​ជា​ប្រភព​នៃ​ការ​ឡើង​ទម្ងន់ ជាពិសេស​សារជាតិ​ខ្លាញ់ ជាតិ​ស្ករ​ច្រើន ក្នុង​អាហារ វា​គឺ​ជា​អាវុធ​មុខ​ពីរ។ ដូច្នេះ ដូច​ពាក្យ​ចាស់​លោក​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល ចូរ​ប្រណិបត្តិការ​ហាត់​ប្រាណ ធ្វើ​កីឡា បញ្ចេញ​កំលាយ​ខ្លះៗ​ជា​ប្រចាំ​ថ្ងៃ​ ហើយ​សំរាក​ក៏​ឱ្យ​បាន​គ្រប់​គ្រាន់ បរិភោគ​ត្រឹមត្រូវ​មាន​បន្លែ​និង​ផ្លែឈើ សាច់ តាម​ពេល តាម​ម៉ោង សំរាប់​ខ្លួន​ផង និង​សំរាប់​កូនចៅ​ផង។

No comments:

Post a Comment