Saturday, June 15, 2013

ផល​ប៉ះពាល់​នៃ​ទឹកជំនន់​ចំពោះ​សុខភាព

នាទីសុខភាពនិងអនាម័យ
 
ពុធ 28 កញ្ញា 2011
ផល​ប៉ះពាល់​នៃ​ទឹកជំនន់​ចំពោះ​សុខភាព
© Reuters
ដោយ អៀង សុខម៉ិញ
ទឹក​ជា​ប្រភព​នៃ​ជីវិត ! គ្មាន​ទឹក​ មនុស្ស​ ​សត្វ និង​​រុក្ខជាតិ មុន​ជា​ស្លាប់​មិន​ខាន​ឡើយ។ គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវការ​ទឹក ដើម្បី​រស់ ដើម្បី​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​សម្រាប់​​បរិភោគ​។
ប៉ុន្តែ​ទឹក​ក៏​អាច​សម្លាប់ជីវិត​​បាន ក្នុង​ករណី​ទឹក​ជំនន់ ឬ​ទឹក​មិន​ស្អាត​ ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​។ ចំពោះ​ប្រទេស​កម្ពុជា ចំពោះ​បណ្តា​ជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ ទឹក​ទន្លេឡើង​​ ជន់​លិច​ នា​រដូវវស្សា ជា​កត្តា​ល្អ សម្រាប់​ដី​ស្រែ​ចំការ​ និង​សម្រាប់​ការរស់​នៅ​ប្រចាំ​ថ្ងៃ ព្រោះ​ទឹកជន់​​ទន្លេមេគង្គ​ បាន​នាំ​ដីល្បប់ ដ៏​មាន​ជីជាតិ​ និង​​អាច​សម្លាប់​សត្វ​ល្អិត​ចង្រៃបាន​ខ្លះ​ ប៉ុន្តែ​ជំនន់​ជន់​លិច​ព្រោះ​ទឹក​ភ្លៀង​ បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ និង​ជន់​ជោរ​ឡើង​ដោយ​គំហុក នៅ​តាម​ស្រុក​ខេត្ត​ក្រុង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​សម្ភារៈ​ទេ វា​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត និង​បន្សល់​ទុក​នូវផល​វិបាក​ជា​ច្រើន​ទៀត ទាំង​ផ្នែក​សុខភាព​ ក៏​ដូច​ជា​ផ្នែក​បរិស្ថាន​។

បើ​តាម​អ្នក​ស្រាវ​ជ្រាវ​បារាំង គ្រោះ​ទឹក​ជំនន់ បាន​បង្ក​ការ​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដល់​បញ្ហា​ផ្លូវ​ចិត្ត​ របស់​ជន​រងគ្រោះ​ ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ទឹកជំនន់ អាច​នឹង​បង្កឲ្យ​ជន​រងគ្រោះ​មាន​ ជំងឺ​stress ​ជំងឺ​កង្វល់​ចិត្ត និង​គេង​មិន​លក់​ ច្រើន​ជាង​​ធម្មតា​ ជិត​ពីរ​ដង។ ក្រោយ​ពេល​ទឹក​ជំនន់​ផុត​ទៅ គេ​អាច​ងាយ​​នឹង​ជួប​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ទៀត​ផង។

នៅ​មាន​ជំងឺ​ឆ្លង និង​ជំងឺ​រាត​ត្បាត​មួយ​ចំនួន​ទៀត ដែល​កើត​ឡើង​ព្រោះ​ទឹក​ជំនន់។ ដូច្នេះ​នៅ​ពេល​ទឹក​ចាប់​ផ្តើម​ស្រក​ភ្លាម គួរ​តែ​ប្រញាប់​រួសរាន់ ជូត​សម្អាត​ភូមិឋាន​ ផ្ទះ​សម្បែង បើកបង្អួច​ទ្វារ ឲ្យ​ខ្យល់​អាកាស​ចេញ​ចូល​ស្រួល ដើម្បី​កុំ​ឲ្យ​មាន​ក្លិន​ផ្តុស ឬ​ពពួក​ផ្សិត​អាច​ដុះ​លូតលាស់​ ក្នុង​គេហដ្ឋានបាន ប៉ះពាល់​ដល់​សុខភាព។

ទឹក​ជំនន់ ជា​គ្រោះ​ធម្មជាតិ មួយ​ដែល​ពិភពលោក​តែងជួប​ជា​ញឹកញាប់។ ផល​វិបាក​ ក្រោយ​គ្រោះ​ទឹក​ជំនន់​ មិន​ដែល​តិច​តួច​ទេ។ កាក​សំណល់ និង​សំរាម ដែល​ហូរ​មក​តាម​ទឹក​ ទើ​រ​នៅ​កៀន​ផ្ទះ​ សុទ្ធ​តែ​ជា​ប្រភ​ព​បង្ក​ជំងឺ​ និង​ភ្នាក់ងារ​ចម្លង​មេរោគ​។ ម្យ៉ាងវិញ​ទៀត ក្រោយ​ទឹក​ជំនន់ បញ្ហា​ប្រឈម​ដ៏​ចម្បង​ គឺ​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់។

វា​គួរ​ឲ្យ​អស់​សំណើច​ណាស់ នៅ​ពេល​ទឹក​ជំនន់​រួច គេ​បែរ​ជា​នាំ​គ្នា​និយាយ​អំពី​កង្វះ​ទឹក​ប្រើ​នោះ ! ទឹក​មិន​ខ្វះ​ទេ ប៉ុន្តែ​ទឹក​ជន់​នោះ​អាច​ជា​ទឹក​មិន​ស្អាត ទឹក​ដែល​មាន​មេរោគ ទឹក​ដែល​លាយ​ឡំ​ទៅ​ដោយ​កាក​សំណល់​ សំរាម ឬ​វត្ថុ​មិន​ស្អាត​ដែល​ហូរ​ដោយ​មក​ជាមួយ។​ សម្រាប់​អ្នក​ឯកទេស សូម្បី​តែ​ទឹក​អណ្តូង ក៏​ចាត់​ទុក​ថា​ជា​ទឹក​មិន​ស្អាត​ដែរ ក្រោយ​ពេល​បាន​ទទួល​រង​ទឹក​ជំនន់​រួច។

ដូច្នេះ​សួរ​ថា តើ​ដូច​ម្តេច​ទៅ​ ដែល​ហៅ​ថា​ទឹក​ស្អាត ?

មុន​នឹង​ផ្តើម​និយាយ​អំពី​ទឹក​ស្អាត នាង​ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​ជូន​ដោយ​ត្រួសៗ អំពី​​ទឹក​អណ្តូង ដែល​បណ្តា​ជន​ខ្មែរ​ភាគ​ច្រើន​ប្រើ​ប្រាស់​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ ថ្ងៃ។

ទឹក​អណ្តូង​ជា​ ប្រភព​ទឹក​ម្យ៉ាង​ដែល​​ប្រែ​ប្រួល​ ពី​អណ្តូង​មួយ​ទៅ​អណ្តូង​មួយ ទាំង​បរិមាណ​ និង​ទាំង​គុណភាព។ ទឹក​អណ្តូង​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ ជាង​ទឹក​ទន្លេ ទឹក​ស្ទឹង​ បឹង​បួ អូរ ឬ​ទឹក​ភ្លៀង។ សារធាតុ​រ៉ែ​ខ្លះ អាច​បង្ក​គ្រោះ​ថ្នាក់ ដល់​សុខភាព ព្រោះ​ទឹក​អណ្តូង​អាច​សម្បូរ​សារធាតុ​រ៉ែ​ដែក រ៉ែ​ម៉ង់ហ្កាណែស​ ច្រើន​ពេក។ ដើម្បី​អាច​ទាញ​ប្រយោជន៍​​បាន​ពី​ទឹក​អណ្តូង​នេះ គេ​គួរ​គប្បី​យក​ទឹក​អណ្តូង​មក​ធ្វើ​ចម្រោះ​សិន សឹម​យក​ទៅ​បរិភោគ​ជា​ក្រោយ។

ក្នុង​ករណី​មាន​ទឹក​ជំនន់ ដូច​ដែល​កម្ពុជា​បា​ន​ជួប​ប្រទះ​ពេល​នេះ សម្រាប់​អ្នក​បច្ចេកទេស​ ទឹក​អណ្តូង ដែល​ស្ថិត​នៅ​​​ជិត​មាន​ស្ទឹង​ ទន្លេ ឬ​បាន​ទទួល​ការ​លិច​លង់​ដែរ​នោះ  គឺ​ទឹក​ដែល​មិន​ស្អាត ​និងជា​ទឹក​ដែល​​អាច​មាន​ចម្លង​មេរោគ​​ផង។ នេះ​បើ​តាម​ភ្នាក់ងារ​សុខាភិបាល​កាណាដា។

ដើម្បី​ចៀសវាង​កុំ​ឲ្យ​ជួប​គ្រោះ​កើត​ជំងឺ​​ដែល​បណ្តាល​មក​ពី​ទឹក​មិន​ស្អាត គ្រប់​អណ្តូង​ដែល​ជាប់​កុន​ក្នុង​ទឹក​ជំនន់​ គួរ​​ត្រូវ​តែសម្អាត​ ដោយ​ត្រូវ​លាង​អណ្តូង ជាមួយ​ល្បាយ​ក្លូរ 1%។ ប្រសិន​បើ​ទឹក​អណ្តូង​មាន​លក្ខណៈ​ថ្លាល្អហើយ លោក​អ្នក​អាច​បរិភោគ​ទឹក​នោះ​បាន​ដោយ​ដាំ​ឲ្យ​ពុះ​យូរ​ យ៉ាង​ហោចណាស់​មួយនាទីលើ​ភ្លើង។

ប៉ុន្តែ​ក្នុង​លក្ខណៈ​ទូទៅ​ ទោះបី​ជា​អណ្តូង​មិន​បាន​​ទទួល​រង​គ្រោះ​លិច​ទឹក​ក៏​ដោយ ក៏​ការ​សម្អាត​អណ្តូង ជា​ការ​ចាំ​បាច់ និង​រក្សា​បរិស្ថាន​ជុំ​វិញ​អណ្តូង​ឲ្យ​បាន​ស្អាត​ជានិច្ច​។ ដើម្បី​រក្សាអណ្តូង ឲ្យ​មាន​ទឹក​ស្អាត​ជាប់​ជា​ប្រចាំ​ គេ​គួរ​ឲ្យ​កុំ​ចោល​សំរាម​ ដែល​មាន​សារធាតុគីមី ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​លាមក​សត្វ​នៅ​ជុំ​វិញ ឲ្យបាន​ចម្ងាយ​ប្រមាណ​យ៉ាង​ហោច​ណាស់ ៥​ម៉ែត្រ​ជុំ​វិញ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អត្រា​ទឹក និង ដី​​ មាន​សារធាតុ​ពុល​បាន​​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ បរិស្ថាន​ធ្លាក់​ចុះ​នេះ គឺ​បណ្តាល​មក​ពី​សកម្មភាព​របស់​មនុស្ស​យើង​តែ​ម្តង។ ទឹក​ និង​ដី បច្ចុប្បន្ន​នេះ បាន​​ទទួល​រង​សារធាតុ​ពុល​គីមី​ តាម​រយៈ​ការ​ចោល​កាក​សំណល់​ឧស្សាហកម្ម ដោយ​ត្រង់​ទៅ​ក្នុង​ទន្លេ​បឹងបួ ដោយ​ផ្ទាល់។ កាក​សំណល់​ចង្ក្រាន​ ផ្ទះ​បាយ ខ្លាញ់ សាប៊ូ​បោក​ខោអាវ ថង់​ផ្លាស្ទិក ក្រដាស ថ្មពិល ។ល។ និង។ល។ ដែល​ចោល​ពាស​វាល​ពាសកាល សុទ្ធ​តែ​ជា​ការ​បំពុល​បរិស្ថាន ទឹក​ របស់​ខ្លួនទាំង​អស់។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា លាមក​សត្វ​ក្បែរ​ប្រភព​ទឹក ជីរគីមី ថ្នាំ​សម្លាប់​សត្វល្អិត​ និង​សម្លាប់​ស្មៅ គឺ​ជា​ប្រភព​បំពុល​ទឹក​យ៉ាង​ខ្លាំង ចម្លង​បាក់តេរី​ផ្សេងៗ​មក​មនុស្ស​យើងវិញ។

វិល​មក​ឆ្លើយ​នឹង​សំណួរ ថា​តើ​អ្វី​ទៅ​ជា​ទឹក​ស្អាត ?!


បើ​តាម​និយមន័យ ​ ទឹក​ស្អាត ដែល​មនុស្ស​ទូទៅ​អាច​បរិភោគ​បាន​ដោយ​គ្មាន​ប៉ះពាល់​ដល់​សុខភាព ត្រូវ​ឆ្លើយ​តប​ទៅ​តាម​លក្ខណៈ​មួយ​ចំនួន កំណត់​ឡើង​ដោយ​ច្បាប់ ពោល​គឺ​ត្រូវ​បាន​គេធ្វើ​​វិភាគ កម្ចាត់​មេរោគ បំបាត់​សារធាតុ​រ៉ែ សារធាតុ​ពុល​ សារធាតុ​គីមី ដែល​អាច​បំផ្លាញ​សុខភាព​មនុស្ស​លោក។ ទឹក​ស្ទឹង​ទន្លេ​ បឹងបួ ​ទឹក​ភ្លៀង​​ មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទឹក​ស្អាត អាច​បរិភោគ​បាន​ដោយ​​គ្មាន​ការ​ចម្អិន​នោះ​ទេ តែ​ជាវត្ថុ​ធាតុ​​ដើម​នៃការផលិត​ទឹក​ស្អាត ការ​​ធ្វើ​ទឹក​ឲ្យ​ស្អាត​ អាច​បរិភោគ​បាន មាន​ច្រើន​បែប​យ៉ាង​ណាស់ ដោយ​ត្រូវ​ត្រង​ច្រោះ​យក​វត្ថុ​រឹង​ចេញ​ពី​ទឹក ធ្វើ​ឲ្យ​ថ្លា និង​ដាក់​ថ្នាំ​សម្លាប់​មេរោគ​ទៀត មុន​នឹង​បង្ហូរ​តាម​បំពង់ ឬ​ហៅ​ថា​ទឹក​​​ម៉ាស៊ីន​ ជូន​បណ្តា​ជន​ប្រើ​ប្រាស់ នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន៕

ពាក្យគន្លឹះ : សុខភាព

No comments:

Post a Comment